សម្តេចបវរធិបតី ណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិនានា តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គម
អត្ថបទ៖ ហ៊ន សុភ័ក្រ
--------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិនានា តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គម និងការរៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមសម្រាប់ជួយដល់ គ្រួសារក្រីក្រ រងគ្រោះ និងងាយរងគ្រោះ ជាពិសេសគ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ដោយបង្កលក្ខណសម្បត្តិ ល្អប្រសើរជូនគ្រួសារ ក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាមការអភិវឌ្ឍសង្គមជាតិ ព្រមទាំងបន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារ និងសហគមន៍ ដោយអនុវត្តនីតិវិធីពង្រឹងភាពធន់សេដ្ឋកិច្ច គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។ ការណែនាំបែបនេះតាមរយៈសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដែលបានចេញផ្សាយនាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២៦នេះ។
ជាមួយគ្នានេះ សម្តេចបវរធិបតីក៏បានអំពាវនាវដល់គ្រប់ក្រុមគ្រួសារ និងសហគមន៍ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់ផ្តល់ការអប់រំ សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់យើង ដល់សមាជិកគ្រួសារ និងសហគមន៍ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការអប់រំរៀនសូត្រអំពីសីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និង ជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅពង្រឹងនិងអភិវឌ្ឍធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយគុណភាព សេចក្តីថ្លៃថ្នូរ និង សក្តិសិទ្ធិភាព ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង ថ្កុំថ្កើង និងមានសុភមង្គល៕