សម្តេចបវរធិបតី អំពាវនាវដល់បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តផ្តល់កិច្ចសហការជាមួយក្រសួងសង្គមកិច្ច ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី
អត្ថបទ៖ ហ៊ន សុភ័ក្រ
-------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តផ្តល់កិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាពិសេសជំរុញដល់ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ព្រមទាំងវិធានការផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ការអំពាវនាវបែបនេះតាមរយៈសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដែលបានចេញផ្សាយនាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២៦នេះ
សម្តេចបវរធិបតីក៏បានអំពាវនាវដល់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មក្នុងការ ជួយគាំទ្រទាំងថវិកា បច្ចេកទេស និងធនធានមនុស្សដល់ការអនុវត្តកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ និងសកម្មភាពនានា ដើម្បីអភិវឌ្ឍគ្រួសារ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញ ចលនាលើកកម្ពស់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ិមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់រូបភាព លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយ ឱ្យត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា “មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ”។
សម្តេចក៏បានអំពាវនាវដល់គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទី របស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មានកូនចៅឱ្យចាកចេញ ឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជា៖ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែងស៊ីសង និងអំពើអបាយមុខ ផ្សេងៗទៀត៕