សង្គម

ក្រឡាប់រថយន្តកែច្នៃនៅខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសជាង ២០នាក់

image


បាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត ខណៈមនុស្សប្រមាណ ២០នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោងជិត ៧:០០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិលេខ ៥៧ ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ក្នុងករណីនេះបណ្តាលមកពីរថយន្តច្នៃដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវជាតិ។

យោងតាមប្រភពាព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តច្នៃមួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកកម្មករទៅបេះស្វាយ ២១នាក់ ធ្វើដំណើរពីទិសខាងលិចទៅខាងកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានប្រទះជាមួយរថយន្តធុនធំមួយគ្រឿងទៀត ធ្វើឲ្យអ្នកបើកបរសម្រេចបួងចង្កូតគេចភ្លាមៗ ប៉ុន្តែការបួងចង្កូតនេះបានបណ្តាលឲ្យរថយន្តច្នៃបាត់បង់តុល្យភាព ក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិជាច្រើនត្រឡប់ បណ្ដាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈអ្នកដំណើរផ្សេងទៀតសរុប ២០នាក់ រងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យទីតាំងភ្លាមៗ និងបានសហការដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ៕