ទីបំផុត រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយសំឡេងគាំទ្រ ១១៤ លើ១១៤សំឡេង
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភានេះ បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ។
សេចក្តីព្រាងច្បាប់ដែលសម័យប្រជុំវិសាមញ្ញ បើកការពិភាក្សា និងអនុម័ត រួមមាន ទី១-សេចក្តីព្រាង ច្បាប់ស្តីពី កាតព្វកិច្ចយោធា និងទី២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN)។
សម័យប្រជុំវិសាមញ្ញរដ្ឋសភា បានពិភាក្សា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»ហើយ ដោយសំ ឡេងគាំទ្រ១១៤ លើ១១៤ សំឡេង។
សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែល កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
ច្បាប់នេះ ក៏ផ្តល់ការលើកលែងចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។ រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះឱ្យមានតម្លា ភាព និងយុត្តិធម៌បំផុត ដោយគ្មានការលើកលែងសម្រាប់កូនអ្នកមានទ្រព្យ សម្បត្តិ ឬមន្ត្រីជាន់ខ្ពស់ឡើយ។
យោងតាមច្បាប់នេះ អ្នកបញ្ចប់កាតព្វកិច្ច នឹងទទួលបានអាទិភាពក្នុងក្របខ័ណ្ឌការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍ (សម្រាប់អ្នកមានការងារស្រាប់) និងសិទ្ធិបន្តការសិក្សា។ ដោយឡែក សម្រាប់ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែដល់៥ឆ្នាំ៕
អត្ថបទ៖ វង សុភ័ក្ត្រ