ប្រធានាធិបតីអាម៉េរិក លើកសរសើរប្រធានាធិបតីចិន នៅមុនជំនួបកំពូលនៅឯរដ្ឋធានីប៉េកាំង
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់រដ្ឋធានីប៉េកាំងនៅចន្លោះថ្ងៃទី១៣ - ១៥ ខែឧសភា ដែលជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ប្រធានាធិបតីអាម៉េរិកក្នុងរយៈពេលជិត ១០ ឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក ត្រាំ បានប្រើប្រាស់យុទ្ធសាស្ត្រការទូតបែបផ្ទាល់ខ្លួន ដោយការផ្ដល់នូវពាក្យសរសើរយ៉ាងខ្លាំងចំពោះប្រធានាធិបតីចិន ស៊ី ជីនពីង បើទោះបីជាប្រទេសទាំងពីរមានជម្លោះលើគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខតំបន់ជាច្រើនក៏ដោយ ។
ទោះបីជាមានភាពស្និទ្ធស្នាលជាបុគ្គលក៏ដោយ លោក ត្រាំ នៅតែរក្សាជំហររឹងមាំលើផលប្រយោជន៍ជាតិ ដោយលោកបានរារាំងសម្ព័ន្ធមិត្តអឺរ៉ុបមិនឱ្យខិតទៅជិតចិនខ្លាំងពេក និងបានសង្កត់ធ្ងន់លើការគ្រប់គ្រងតំបន់យុទ្ធសាស្ត្រដើម្បីទប់ទល់ឥទ្ធិពលចិន។ លោកក៏មិនរារែកក្នុងការលើកឡើងពីការសង្ស័យលើការសម្ងាត់យោធា និងទំនាក់ទំនងរវាងចិន និងអ៊ីរ៉ង់ ដែលបង្ហាញថាទំនាក់ទំនងនេះមានភាពស្មុគស្មាញ និងពោរពេញដោយការប្រុងប្រយ័ត្ន ។
របៀបវារៈសំខាន់នៃជំនួបកំពូលខាងមុខនេះ នឹងផ្ដោតលើការដោះស្រាយសង្គ្រាមពន្ធគយ និងការធានាការផ្គត់ផ្គង់រ៉ែកម្រពីប្រទេសចិន រួមទាំងការបើកទីផ្សារកសិកម្ម និងថាមពល។ លើសពីនេះ បញ្ហាក្តៅៗដូចជា សន្តិសុខនៅកោះតៃវ៉ាន់ អាវុធនុយក្លេអ៊ែរ និងជម្លោះនៅមជ្ឈិមបូព៌ា ក៏នឹងត្រូវដាក់លើតុចរចា ដែលពិភពលោកកំពុងតាមដានថាតើទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ អាចនាំមកនូវលទ្ធផលជាក់ស្តែងកម្រិតណា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ AP