ព័ត៌មានអន្តរជាតិ

អឺរ៉ុប ព្រមព្រៀងដាក់ទណ្ឌកម្មថ្មីៗលើភាគីពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមមាន និគមជនអ៊ីស្រាអ៊ែល ក្រុមហាម៉ាស់ និងអ៊ីរ៉ង់

image


អឺរ៉ុប៖ សហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការដាក់ទណ្ឌកម្មថ្មីៗលើភាគីជាច្រើនដែលពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមមាននិគមជន ឬជាអ្នកតាំងទីលំនៅអ៊ីស្រាអ៊ែល ដែលប្រព្រឹត្តអំពើហិង្សា និងបុគ្គលសំខាន់ៗនៃក្រុមហាម៉ាស។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សា និងភាពជ្រុលនិយមដែលកំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី កាយ៉ា កាឡាស (Kaja Kallas) បានថ្លែងនៅទីក្រុងព្រុចសែល កាលពីថ្ងៃចន្ទ ដោយសង្កត់ធ្ងន់ថា ទណ្ឌកម្មទាំងនេះគឺជាផលវិបាកដែលអ្នកប្រព្រឹត្តហិង្សាត្រូវតែទទួល ។
 
ទន្ទឹមនឹងការដាក់ទណ្ឌកម្មលើបុគ្គល សហភាពអឺរ៉ុបក៏បានពង្រីកវិធានការរឹតត្បិតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ផងដែរ ដោយសារតែការរំខានដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz)។ តំបន់នេះ គឺជាផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយ ដែលគ្របដណ្តប់លើបរិមាណប្រេងប្រហែល ២០ % នៃពិភពលោក។ អឺរ៉ុប ចាត់ទុកថាការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់អ៊ីរ៉ង់លើផ្លូវសមុទ្រនេះ គឺជាបញ្ហាដែលមិនអាចអត់ឱនឱ្យបានទៀតឡើយ ។
 
របកគំហើញនៃកិច្ចព្រមព្រៀងនេះ មិនមែនជារឿងងាយស្រួលនោះទេ ដោយវាបានឆ្លងកាត់ការជជែកដេញដោល និងការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសសមាជិកអស់រយៈពេលជាច្រើនខែកន្លងមក។ ជាពិសេស ប្រទេសហុងគ្រី ធ្លាប់បានរារាំងកញ្ចប់ទណ្ឌកម្មនេះជាយូរមកហើយ ប៉ុន្តែក្រោយមកក៏បានយល់ព្រមបញ្ឈប់ការរារាំង។ ការឯកភាពគ្នានេះ បង្ហាញពីការបង្រួបបង្រួមគោលនយោបាយការបរទេសរបស់ អឺរ៉ុប ចំពោះតំបន់ដែលមានជម្លោះ រួមទាំងនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ។
 
ក្រៅពីនេះ សហភាពអឺរ៉ុប ក៏កំពុងតែពិចារណាលើវិធានការរឹតបន្តឹងពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការតាំងទីលំនៅរបស់អ៊ីស្រាអ៊ែល ដែលលោកស្រី កាឡាស (Kallas) ចាត់ទុកថាជាអំពើខុសច្បាប់។ ទោះបីជាប្រទេសសមាជិកមួយចំនួន មានក្ដីបារម្ភអំពីការកំណើននៃភាពតានតឹងជាមួយអ៊ីស្រាអ៊ែលក៏ដោយ ប៉ុន្តែសហភាពអឺរ៉ុប ហាក់បង្ហាញគោលជំហរច្បាស់លាស់ក្នុងការប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ដើម្បីទប់ស្កាត់អស្ថិរភាព និងធានាសន្តិសុខនាវាចរណ៍អន្តរជាតិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Marius Burgelman via AP/ washingtonpost on Microsoft Bing