សង្គម

អាស៊ាន វ៉ាឈ្នះអឺរ៉ុប ក្លាយជាទីផ្សារធំបំផុតនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦

image


ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦នេះ កម្ពុជា សម្រេចការនាំចេញអង្ករកើនឡើងយ៉ាងគំហុក ខណៈកំណើននេះ ត្រូវបានជំរុញដោយតម្រូវការខ្ពស់ពីទីផ្សារអាស៊ាន និងចិន។ ជាពិសេស ទីផ្សារអាស៊ាន បានឈរនៅចំណាត់ថ្នាក់លេខ១ ជាលើកដំបូង ដោយវ៉ាឈ្នះទីផ្សារអឺរ៉ុប ដែលធ្លាក់មកលេខ ៣វិញ ខណៈទីផ្សារចិន បានឈរនៅលេខ២ ក្នុងចំណោមទីផ្សារធំៗសម្រាប់អង្ករកម្ពុជា។
យោងតាមទិន្នន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានគណនាដោយ CNC បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករសរុបជាង ៤៦ម៉ឺន ៩ពាន់តោន គិតជាទឹកប្រាក់ប្រមាណ ២៦៦,៣៨លានដុល្លារអាម៉េរិក កើនឡើង ៦៦,៤៥% ផ្នែកបរិមាណ និងកើនឡើង ២៧,៣២% ផ្នែកតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

អង្ករកម្ពុជា ត្រូវបាននាំចេញដោយក្រុមហ៊ុននាំចេញចំនួន ៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ប្រទេស និងតំបន់។ ក្នុងនោះ ការនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ សម្រេចបានប្រមាណ ១៧ម៉ឺន ៧ពាន់តោន កើនឡើងរហូតដល់ ៣៤២,៥%។ ចំណែកទីផ្សារចិន និងតំបន់រដ្ឋបាលស្វយ័ត ហុងកុង និងម៉ាកាវ មានបរិមាណប្រមាណ ១២ម៉ឺន ៩ពាន់តោន កើនឡើង ៨៤,២៨%។

ដោយឡែក ការនាំចេញទៅកាន់ប្រទេសចំនួន ៣១ នៅទ្វីបអឺរ៉ុប មានប្រមាណ ១២ម៉ឺន ៦ពាន់តោន ថយចុះ ៥,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅពីនេះ កម្ពុជា ក៏បាននាំចេញអង្ករទៅកាន់ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗ ប្រមាណ ៣ម៉ឺន ៦ពាន់តោន ថយចុះប្រមាណ ២,៧%។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជា (Amru Rice (Cambodia) Co.,Ltd) ដែលជាក្រុមហ៊ុននាំចេញអង្ករធំមួយនៅកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកថា បច្ចុប្បន្ន ទីផ្សារសហភាពអឺរ៉ុប (EU) មានចំណែកប្រមាណ ២៧% នៃការនាំចេញអង្ករកម្ពុជា ខណៈទីផ្សារចិន បានស្ដារកំណើនឡើងវិញយ៉ាងខ្លាំង ដោយកាន់កាប់ចំណែកជាង ២៨% បន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។

ឧកញ៉ាបន្តថា អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺទីផ្សារអាស៊ានកំពុងកើនឡើងដល់ជិត ៣៨% ដឹកនាំដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។
ឧកញ៉ា បានបញ្ជាក់ថា ទិន្នន័យនេះបង្ហាញថា ការនាំចេញអង្ករកម្ពុជា មិនពឹងផ្អែកជាចម្បងលើទីផ្សារ EU និងចិនដូចមុនឆ្នាំ ២០២៤ទៀតឡើយ។ រចនាសម្ព័ន្ធទីផ្សារកំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។
ឧកញ៉ា សុង សារ៉ន ក៏បានបង្ហាញសុទិដ្ឋិនិយមថា សម្រាប់ឆ្នាំ ២០៣០ខាងមុខ ការនាំចេញអង្ករកម្ពុជា នឹងកាន់តែមានភាពសកម្ម ចម្រុះ និងមានការតភ្ជាប់តំបន់កាន់តែខ្លាំង ជាពិសេសការពង្រីកទៅកាន់ទីផ្សារអាមេរិកខាងជើង (សហរដ្ឋអាម៉េរិក និងកាណាដា) និងទីផ្សារអាហ្វ្រិក ដែលនឹងបង្កើនភាពធន់ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា។

សូមជម្រាបថា ប្រភេទអង្ករដែលកម្ពុជា បាននាំចេញក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ រួមមាន អង្ករក្រអូបចំនួន ៥៨,៦៦% អង្ករសគ្រាប់វែង ២១,៣៨% អង្ករចំហុយ ១,៦៩% អង្ករសរីរាង្គ ០,៨៩% អង្ករបាក់គ្រប់ប្រភេទ ១៧,១៨% និងអង្ករផ្សេងៗ ០,២%។
ក្រៅពីអង្ករ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវសើមចំនួន ២,៦៨លានតោន គិតជាទឹកប្រាក់ប្រមាណ ៥៦៧,១០លានដុល្លារអាមេរិក ផងដែរ។ ទោះជាយ៉ាងណា ការនាំចេញស្រូវបានថយចុះ ១១,៥% ផ្នែកបរិមាណ និងថយចុះ ២១,៥% ផ្នែកតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕