ដំណាំសាវម៉ាវនៅស្រុកទឹកឈូ ខេត្តកំពត នឹងចាប់ផ្តើមប្រមូលផលសប្តាហ៍ក្រោយនេះ ខណៈផ្លែទុរេនកំពត កំពុងពុងសម្បូរ ហើយធ្លាក់ថ្លៃបន្តិច
កំពត៖ ក្រុមអាជីវករលក់ដូរផ្លែឈើនៅតាមដងផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ផ្លែឈើក្នុងចម្ការពួកគាត់ដែលបានដាំ រួមមាន ទុរេនប្រមូលផលមុនគេ បន្ទាប់មកមង្ឃុត សាវម៉ាវ ខ្នុរ និងចេក។ ចាប់ពីសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅចុងខែនេះ ផ្លែសាវម៉ាវ នៅស្រុកទឹកឈូ នឹងចាប់ផ្តើមប្រមូលផលហើយ ខណៈដែលទុរេនកំពុងតែសម្បូរ ហើយតម្លៃមានការធ្លាក់ចុះបន្តិច គឺចន្លោះពី ១ម៉ឺន ៨ពាន់រៀល ដល់ ២ម៉ឺន ២ពាន់រៀល សម្រាប់ទុរេនលេខ១។
ម្ចាស់ចម្ការមានភាពសប្បាយរីករាយក្នុងការប្រមូលផល និងលក់ដូរផ្លែឈើក្នុងតំបន់ ហើយក៏បានស្នើឱ្យប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងខេត្តទាំងអស់ ជួយគាំទ្រ និងលក់តែផ្លែឈើនៅក្នុងតំបន់ទឹកឈូបានហើយ ដើម្បីរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយកសិផលក្នុងស្រុក។
យោងតាមការឱ្យដឹងពីមន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ បានឱ្យដឹងថា កសិករក្នុងស្រុកទឹកឈូដែលរស់នៅតំបន់រមណីយដ្ឋានទឹកឈូ មានការដាំដំណាំទុរេនច្រើនជាងគេ ចំណែកឯសាវម៉ាវជាដំណាំបន្ទាប់បន្សំរួមនឹងមង្ឃុត ហើយកសិករដាំលក្ខណៈជាចម្ការមានប្រហែលជាង ២០គ្រួសារ ក្រៅពីនោះដាំជាលក្ខណៈគ្រួសារដោយដាំលាយឡំគ្នានៅក្នុងចម្កាទុរេន៕
អត្ថបទ៖ វង្ស សុធារម្យ