ព័ត៌មានជាតិ

ប្រមុខរដ្ឋស្តីទី រំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃ លើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ

image

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃ លើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមថា កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង

គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៉ីគ្នា។

ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។

កាលពីថ្ងៃ ៦ ខែឧសភា ២០២៦ ខ្ញុំបានរំលឹកម្តងរួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល។ យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ៕

អត្ថបទ៖ សន ពិសិដ្ឋ