កំណើនសេដ្ឋកិច្ចម៉ាឡេស៊ី ទំនងជាថមថយមកនៅត្រឹម ៥,៣% ក្នុងត្រីមាសទី១
ម៉ាឡេស៊ី៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងមានការថមថយមកនៅត្រឹម ៥,៣ ភាគរយ បន្ទាប់ពីបានសម្រេចនូវកំណើនខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ឆ្នាំកាលពីត្រីមាសមុន។ គេមើលឃើញថា ការថយចុះនេះ ជាការត្រឡប់នៃកំណើនសេដ្ឋកិច្ចជាតិ មករកសភាពធម្មតាវិញ បន្ទាប់ពីការកើនឡើងខ្លាំង កាលពីចុងឆ្នាំ២០២៥ ។
កត្តាជំរុញដ៏សំខាន់ដែលធ្វើឱ្យសេដ្ឋកិច្ចម៉ាឡេស៊ីនៅតែរក្សាបាននូវភាពរឹងមាំ គឺការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុក ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលតាមរយៈការឧបត្ថម្ភធនលើតម្លៃប្រេង។ វិធានការនេះ បានជួយការពារលំហូរសាច់ប្រាក់របស់ពលរដ្ឋ និងរក្សាកម្លាំងទិញក្នុងស្រុកឱ្យនៅថេរ បើទោះបីជាមានសម្ពាធសេដ្ឋកិច្ចពីខាងក្រៅក៏ដោយ ។
បន្ថែមពីលើតម្រូវការក្នុងស្រុក វិស័យនាំចេញ ជាពិសេសផលិតផលអេឡិចត្រូនិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ការងើបឡើងវិញនៃតម្រូវការបច្ចេកវិទ្យានៅលើទីផ្សារសកល បានក្លាយជាកម្លាំងជំរុញបន្ថែមដល់វិស័យផលិតកម្មរបស់ម៉ាឡេស៊ី ឱ្យបន្តរីកចម្រើនទៅមុខ ។
ទោះបីជាវិស័យសេវាកម្ម និងសំណង់មានការរីកចម្រើនក៏ដោយ ប៉ុន្តែវិស័យរ៉ែ បានជួបប្រទះនូវការធ្លាក់ចុះបន្តិចបន្តួចដោយសារតែការថយចុះនៃផលិតកម្មប្រេង និងឧស្ម័នធម្មជាតិ។ ជាមួយគ្នានេះ ភាពតានតឹងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ក៏បានបង្កជាក្តីបារម្ភដល់អតិផរណា និងតម្រូវការក្នុងតំបន់អាស៊ីផងដែរ ។
ក្រុមអ្នកជំនាញព្យាករណ៍ថា កំណើនសេដ្ឋកិច្ចជាមធ្យមពេញមួយឆ្នាំ ២០២៦ នឹងស្ថិតក្នុងរង្វង់ ៤,៤ ទៅ ៤,៥ ភាគរយ ដែលវាស្របទៅនឹងគោលដៅរបស់ធនាគារកណ្ដាលម៉ាឡេស៊ី។ ម៉ាឡេស៊ី ត្រូវបានវាយតម្លៃថា មានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងហានិភ័យ និងរក្សាភាពធន់នៃសេដ្ឋកិច្ចបានល្អជាងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ។
ក្នុងគោលដៅរក្សាស្ថិរភាពនេះ ធនាគារកណ្ដាលម៉ាឡេស៊ី បានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលឱ្យនៅថេរត្រឹម ២,៧៥ ភាគរយ។ ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីជំនឿចិត្តលើស្ថិរភាពតម្លៃទំនិញក្នុងស្រុក និងការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ដំណើរការនៃកំណើនសេដ្ឋកិច្ចឱ្យមានចីរភាពយូរអង្វែង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Hasnoor Hussain)/ ST