រដ្ឋាភិបាលអាម៉េរិក បញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ៥៣,៣ លានបារ៉ែលបន្ថែមទៀត ដើម្បីទប់ស្កាត់កំណើនតម្លៃប្រេង
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិក បានសម្រេចបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រ ចំនួន ៥៣,៣ លានបារ៉ែលបន្ថែមទៀត ទៅឱ្យក្រុមហ៊ុនប្រេងធំៗ ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលពិភពលោក។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេង ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្លោះយោធារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអ៊ែល ជាមួយនឹងប្រទេសអ៊ីរ៉ង់ ។
ក្រុមហ៊ុន ត្រាហ្វីហ្គូរ៉ា (Trafigura), ម៉ារ៉ាតុង ប៉េត្រូលៀម (Marathon Petroleum) និង អ៊ិចស៊ុន ម៉ូប៊ីល (Exxon Mobil) គឺជាអ្នកទទួលអាទិភាពក្នុងចំណែកប្រេងដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ការបញ្ចេញប្រេងក្នុងបរិមាណដ៏ច្រើននេះ ក៏ដើម្បីធានាថាទីផ្សារមានការផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងបំណងបញ្ចុះតម្លៃសាំងនៅតាមស្ថានីយដែលប្រជាជនប្រើប្រាស់ប្រចាំថ្ងៃ ។
តម្លៃសាំងនៅអាម៉េរិក បានហក់ឡើងលើស ៤,៥០ ដុល្លារក្នុងមួយហ្គាឡុង ដែលជាសម្ពាធសេដ្ឋកិច្ចដ៏ធំសម្រាប់ប្រជាជន ពិសេសមុនរដូវកាលធ្វើដំណើរច្រើន នាដូវក្ដៅខាងមុខ។ ដើម្បីសម្រាលបន្ទុកនេះ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១១ ខែឧសភា បានធ្វើការពិចារណាលើការផ្អាកយកពន្ធលើសាំងផងដែរ បើទោះបីជាវាអាចធ្វើឱ្យរដ្ឋបាត់បង់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយខែៗក៏ដោយ ។
ប្រតិបត្តិការបញ្ចេញប្រេងនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ចាប់ពីខែមិថុនា ដល់ខែសីហា ជាពេលវេលាដែលមានតម្រូវការថាមពលខ្ពស់បំផុត។ នេះមិនមែនជាសកម្មភាពអាម៉េរិកតែឯងឡើយ ប៉ុន្តែវាគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងសកល ។
យន្តការដែលអាម៉េរិកប្រើប្រាស់ គឺជាកម្មវិធីដោះដូរ ដែលតម្រូវឱ្យក្រុមហ៊ុនប្រេងខ្ចីប្រេងពីឃ្លាំងរដ្ឋយកទៅប្រើប្រាស់សិន រួចត្រូវទិញសងមកវិញនៅពេលក្រោយ។ រដ្ឋបាលលោក ត្រាំ បានកំណត់គោលដៅបញ្ចេញប្រេងសរុបឱ្យបានដល់ ១៧២ លានបារ៉ែល ខណៈបច្ចុប្បន្នសម្រេចបានជាង ១៣៣ លានបារ៉ែលហើយ ។
ចំណុចគួរឱ្យកត់សម្គាល់គឺថា ប្រេងបម្រុងទាំងនេះ មិនត្រូវបានប្រើប្រាស់សម្រាប់តែតម្រូវការក្នុងស្រុកអាម៉េរិកឡើយ។ ចំណែកមួយចំនួននៃប្រេងទាំងនេះ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមានអឺរ៉ុប និងអាម៉េរិកខាងត្បូង ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ថាមពលសកល ដែលកំពុងមានភាពមិនច្បាស់លាស់ដោយសារតែសង្គ្រាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BLOOMBERG via The Straits Times | រូបភាព៖ BLOOMBERG/ inkl