ព័ត៌មានអន្តរជាតិ

កោះបាលី កំពុងប្រឈមនឹងបញ្ហាកាកសំណល់ ក្រោយទីតាំងចាក់សំរាមដែលដំណើរការតាំងពីឆ្នាំ ១៩៨៤ គ្រោងបិទទាំងស្រុងនៅខែសីហា

image


 
ឥណ្ឌូណេស៊ី៖ កោះបាលី ដែលជាគោលដៅទេសចរណ៍លំដាប់ពិភពលោក កំពុងជួបវិបត្តិគ្រប់គ្រងសំណល់យ៉ាងធ្ងន់ធ្ងរ ក្រោយពីទីលាន ស៊ូវុង (Suwung) ដែលជាទីលានចាក់សំរាមដ៏ធំជាងគេនៅលើកោះបាលី ដែលដំណើរការតាំងពីឆ្នាំ ១៩៨៤ បានឈប់ទទួលសំរាមសរីរាង្គជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមេសា ហើយគ្រោងនឹងបិទទាំងស្រុងនៅថ្ងៃទី ១ ខែសីហា។ ការសម្រេចចិត្តបិទទីតាំងនេះ បានធ្វើឱ្យបរិមាណសំរាមជាង ១,២០០ តោនក្នុងមួយថ្ងៃ មិនមានកន្លែងចាក់ច្បាស់លាស់ នាំឱ្យកើតមានការលួចចោលសំរាមរាយប៉ាយតាមដងផ្លូវសាធារណៈ បង្កជាក្លិនស្អុយ និងបាត់បង់សោភ័ណភាពក្រុងយ៉ាងខ្លាំង ។
 
កាលពីឆ្នាំ ២០១៣ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញច្បាប់ហាមមិនឱ្យប្រជាជន ឬក្រុមហ៊ុន យកសំរាមទៅចាក់ចោលនៅទីវាលដែលគ្មានការគ្រប់គ្រងតាមបច្ចេកទេស រហូតមកដល់ដើមឆ្នាំ ២០២៦ អាជ្ញាធរ ក៏បានប្រកាសបន្ថែមទៀតនូវការអនុវត្តវិធានការ «មិនអត់ឱនដាច់ខាត» ចំពោះការចោលសំរាមពាសវាលពាសកាល។ ទោះជាយ៉ាងណាក្ដី ស្ថានភាពជាក់ស្តែងនៅតែមានភាពស្មុគស្មាញ ដោយសារតែអ្នកស្រុកមួយចំនួនបានជ្រើសរើសវិធីដុតសំរាមខុសច្បាប់ដើម្បីកម្ចាត់កាកសំណល់ ដែលបង្កឱ្យមានផ្សែងពុលប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្តនៅលើកោះនេះ ។
 
បញ្ហាប្រឈមចម្បង គឺភាពយឺតយ៉ាវនៃហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលបច្ចុប្បន្នគម្រោងបំប្លែងសំរាមទៅជាថាមពលអគ្គិសនី ត្រូវការពេលដល់ទៅ ១៨ ខែទៀតទើបអាចដំណើរការបាន។ កង្វះខាតមធ្យោបាយដឹកជញ្ជូន និងការចាត់ចែងសំណល់សរីរាង្គមិនទាន់មានប្រសិទ្ធភាព បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជួបនឹងភាពលំបាក ខណៈការយល់ដឹង និងការចូលរួមពីសហគមន៍ក្នុងការបែងចែកសំរាម នៅមានកម្រិតទាបនៅឡើយ ។
 
ជារៀងរាល់ឆ្នាំ ឥណ្ឌូណេស៊ីបង្កើតសំរាមជាង ៤០ លានតោន ប៉ុន្តែមានតែប្រហែល ២៥ % ប៉ុណ្ណោះដែលត្រូវបានចាត់ចែងតាមប្រព័ន្ធត្រឹមត្រូវ។ នៅកោះបាលី សំរាមពាក់កណ្តាលក្នុងចំណោមសំរាម ១.៦ លានតោនក្នុងមួយឆ្នាំ មិនមានការគ្រប់គ្រងឱ្យបានបានល្អឡើយ ដែលបង្កឱ្យមានទីតាំងចាក់សំរាមខុសច្បាប់រាប់រយកន្លែងតាមព្រៃ និងមាត់ទន្លេ ដែលទាមទារឱ្យមានបទប្បញ្ញត្តិថ្មីៗកាន់តែតឹងរ៉ឹង និងការវិនិយោគលើបច្ចេកវិទ្យាកែច្នៃសំណល់ឱ្យបានឆាប់រហ័ស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.