ប្រធានាធិបតីឡាវ ទស្សនាសារមន្ទីរអាតូមិករបស់រុស្ស៊ី ខណៈរុស្ស៊ី បង្ហាញបំណងចែករំលែកចំណេះដឹង និងបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ប្រទេសឡាវ
រុស្ស៊ី៖ ប្រធានាធិបតីឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) បានបំពេញទស្សនកិច្ចជាផ្លូវការនៅឯប្រទេសរុស្ស៊ី ដែលអំឡុងដំណើរទស្សនកិច្ចនោះ លោកបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ ។
តាមរយៈការទស្សនានៅក្នុងសារមន្ទីរអាតូមិក រួមទាំងការត្រួតពិនិត្យម៉ូដែលរេអាក់ទ័រថាមពលទំនើប ដោយបានឆ្លុះបញ្ចាំងពីបំណងរបស់ប្រទេសឡាវ ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការថាមពលស្អាត និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រកម្រិតខ្ពស់ជាមួយមហាអំណាចរុស្ស៊ី ។
ភាគីរុស្ស៊ី តាមរយៈក្រុមហ៊ុនថាមពលរដ្ឋ រ៉ូសាតូម (Rosatom) បានបង្ហាញគោលជំហរបើកចំហក្នុងការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យានុយក្លេអ៊ែរទៅកាន់ប្រទេសឡាវ។ នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូសាតូម (Rosatom) លោក អាឡិចស៊ី លីកាឆែវ (Alexei Likhachev) កាលពីដើមសប្ដាហ៍នេះ បានរៀបរាប់ដោយសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលនិស្សិតឡាវឱ្យយល់ដឹងពីបច្ចេកវិទ្យាអាតូមិក គឺជាគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលនេះមិនត្រឹមតែជាការដោះដូរសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចែករំលែកទ្រព្យសម្បត្តិផ្នែកបញ្ញាដ៏មានតម្លៃបំផុតរបស់រុស្ស៊ីទៅកាន់មិត្តក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលរុស្ស៊ីកំពុងរៀបចំពិធីរំឭកខួបនៃទិវាជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងបរិយាកាសសន្តិសុខដ៏តឹងរ៉ឹង។ ដោយសារតែមានការគំរាមកំហែងពីជម្លោះជាមួយអ៊ុយក្រែន ក្បួនព្យុហយាត្រាយោធាដ៏ល្បីល្បាញ បានរៀបចំនៅក្នុងទ្រង់ទ្រាយតូចជាងមុន ខណៈអាជ្ញាធររុស្ស៊ីបានដាក់ចេញនូវវិធានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុវត្ថិភាពក្នុងអំឡុងពេលប្រារព្ធពិធីជាតិដ៏សំខាន់មួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.