ព័ត៌មានអន្តរជាតិ

លោកត្រាំ អះអាងថា តម្លៃថាមពលនឹងធ្លាក់ចុះខ្លាំង នៅពេលជម្លោះជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ជាស្ថាពរ

image


 
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា វិបត្តិតម្លៃថាមពលសកលនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗខាងមុខ។ លោកបានធ្វើការទស្សន៍ទាយថា តម្លៃថាមពលដែលកំពុងឡើងថ្លៃនាពេលបច្ចុប្បន្ន នឹងមានការធ្លាក់ចុះយ៉ាងគំហុកភ្លាមៗ នៅពេលដែលភាពតានតឹង និងជម្លោះជាមួយប្រទេសអ៊ីរ៉ង់ឈានចូលដល់ទីបញ្ចប់ជាស្ថាពរ ។
 
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់មន្ត្រីរដ្ឋាភិបាល លោក ត្រាំ បាននិយាយការពារការសម្រេចចិត្តរបស់លោកក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ ដោយចាត់ទុកថាវាជាវិធានការចាំបាច់ដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ លោកទទួលស្គាល់ថា ស្ថានភាពនេះបានជះឥទ្ធិពលដល់ទីផ្សារថាមពល ប៉ុន្តែលោកជឿជាក់ថាវាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់សន្តិសុខអន្តរជាតិក្នុងរយៈពេលវែង ។
 
ក្រៅពីបញ្ហាថាមពល លោក ត្រាំ ក៏បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណានៅក្នុងទឹកដីអាម៉េរិក។ លោកបានលើកសរសើរដល់មន្ត្រីជំនាញរបស់លោក ដែលបានខិតខំកែប្រែស្ថានភាពសេដ្ឋកិច្ចដែលរងផលប៉ះពាល់បន្តពីរដ្ឋបាលមុន ។
 
លោកត្រាំសង្កត់ធ្ងន់ថា «យើងនឹងចាត់ការរឿងនេះឱ្យចប់សព្វគ្រប់» ដោយនេះជាអ្វីដែលលោកចង់បញ្ជូនសារទៅកាន់អ្នកវិនិយោគ និងសាធារណជនថា រដ្ឋបាលរបស់លោកមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយការបរទេស។ ភាពជឿជាក់របស់លោកក្នុងការទម្លាក់តម្លៃថាមពល គឺជាយុទ្ធសាស្ត្រមួយ ដើម្បីបន្ធូរបន្ថយក្ដីព្រួយបារម្ភរបស់ប្រជាជន និងពង្រឹងជំនឿចិត្តលើការដឹកនាំរបស់លោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ VIORY/ BLOOMBERG/ inkl