រដ្ឋមន្រ្តីសុខាភិបាល៖ ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងមណ្ឌលសុខភាព នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ លើកទី២ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ដាក់ឱ្យប្រើប្រាស់នូវឯកសារមួយចំនួន សម្រាប់ដំណើររបស់គណៈកម្មាធិការ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តទៅលើ៖ ១.ការធ្វើបច្ចុប្បន្នភាពស្តង់ដាទទួលស្គាល់គុណភាពសេវា របស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់វាយតម្លៃការទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ ឯកជន និងមណ្ឌលសុខភាព, ២.សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់ គ.ទ.គ.ស. និង៣.សេចក្តីព្រាងឯកសារមួយចំនួនសម្រាប់ដំណើរការ គ.ទ.គ.ស.។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «ការទទួលស្គាល់គុណភាព (Accreditation) គឺជាយន្តការនៃគុណភាព សម្រាប់ការផ្តល់សេវាសុខាភិបាល ដែលធ្វើឱ្យមាននិរន្តរភាព ពង្រឹងវប្បធម៌ការងារ និងធានានូវ គុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈ។»
លោកសាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ថា ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងមណ្ឌលសុខភាព នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ក្នុងការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបង្កើតទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលជាតិ៕
អត្ថបទ៖ សន ពិសិដ្ឋ