មនុស្ស ៩នាក់ស្លាប់ និងជាង ៣០នាក់របួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដ៏រន្ធត់ នៅឯភាគពាយព្យប្រទេសប៉ាគីស្ថាន
ប៉ាគីស្ថាន៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកដ៏រន្ធត់មួយករណី បានកើតឡើងនៅក្នុងផ្សារដ៏មមាញឹកមួយកន្លែង ស្ថិតនៅក្នុងទីប្រជុំជន សារ៉ៃ នូរ៉ាង (Sarai Naurang) ស្រុក ឡាក់គី ម៉ាវ៉ាត់ (Lakki Marwat) ភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។ ការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់បាត់បង់ជីវិត និង ៣៥នាក់ផ្សេងទៀតទទួលរងរបួស ក្នុងនោះមានមន្ត្រីនគរបាលចរាចរណ៍ពីររូបផងដែរ ។
ក្រោយកើតហេតុ មន្ទីរពេទ្យបង្អែកស្រុក បានទទួលយកជនរងគ្រោះសរុបចំនួន ៤៣ នាក់ ដើម្បីសង្គ្រោះបន្ទាន់។ ក្នុងចំណោមអ្នករងរបួសទាំងអស់ មានមនុស្សចំនួន ១០ នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលតម្រូវឱ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យក្នុងស្រុកបាននូ (Bannu) ដែលមានសមត្ថភាពខ្ពស់ជាងនេះ ។
កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានដាក់ពង្រាយកម្លាំងការពារដោយឡោមព័ទ្ធតំបន់កើតហេតុយ៉ាងតឹងរ៉ឹង ដើម្បីការពារសុវត្ថិភាព និងអនុញ្ញាតឱ្យមន្ត្រីជំនាញធ្វើការពិនិត្យជុំវិញទីតាំងផ្ទុះ។ អាជ្ញាធរកំពុងបើកប្រតិបត្តិការរុករក និងស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីស្វែងយល់ពីបច្ចេកទេសនៃការប្រើប្រាស់គ្រាប់បែក និងតាមរកមុខសញ្ញាដែលនៅពីក្រោយការវាយប្រហារនេះ។ ទោះជាយ៉ាងណាក្ដី គេនៅមិនទាន់ដឹងច្បាស់ពីរឿងហេតុពិតប្រាកដនៃករណីនេះនៅឡើយទេ ។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីក្រុមសកម្មប្រយុទ្ធ ឬអង្គការណាមួយចេញមុខមកទទួលខុសត្រូវចំពោះអំពើហិង្សានេះនៅឡើយដែរ។ ភាពមិនច្បាស់លាស់នេះ បានបង្កឱ្យមានក្ដីព្រួយបារម្ភកាន់តែខ្លាំងដល់ប្រជាជនក្នុងតំបន់ ខណៈអាជ្ញាធរបន្តតាមដានសន្តិសុខយ៉ាងដិតដល់។ ហេតុការណ៍នេះ ក៏បានក្លាយជាសោកនាដកម្មថ្មីមួយទៀត ដែលបានវាយប្រហារលើតំបន់ស៊ីវិលដ៏មមាញឹកក្នុងប្រទេសប៉ាគីស្ថាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.