ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លើបញ្ហារូបិយបណ្ណ និងធនធានរ៉ែ ដើម្បីពង្រឹងចំណងមិត្តភាព

image


ជប៉ុន៖ រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្កត ប៊ែសសេន (Scott Bessent) បានបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ កាលពីថ្ងៃទី១២ ខែឧសភា ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) និងមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ដទៃទៀត។ ជំនួបនេះ មានគោលបំណងចម្បងក្នុងការរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចរួមគ្នារវាងមហាអំណាចទាំងពីរ នៅមុនជំនួបកំពូលរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ។
 
បញ្ហាសំខាន់បំផុតមួយដែលត្រូវបានលើកយកមកជជែកគ្នានោះ គឺការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃរូបិយបណ្ណ «យ៉េន» របស់ជប៉ុន ដែលបង្កឱ្យមានភាពមិនច្បាស់លាស់ក្នុងទីផ្សារប្តូរប្រាក់។ ភាគីអាម៉េរិក បានបង្ហាញជំហរគាំទ្រដល់វិធានការរបស់ជប៉ុនក្នុងការរក្សាស្ថិរភាពប្រាក់យ៉េន ដោយយល់ឃើញថា តម្លៃបច្ចុប្បន្នមិនទាន់ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចពិតប្រាកដរបស់ជប៉ុននៅឡើយទេ ។
 
សន្តិសុខសេដ្ឋកិច្ច និងការផ្គត់ផ្គង់រ៉ែកម្រ ក៏ជាប្រធានបទក្ដៅនៅក្នុងកិច្ចពិភាក្សានេះផងដែរ ដោយអាម៉េរិក និងជប៉ុនមានបំណងចង់កាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន។ ប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីធានាថាធនធានរ៉ែសំខាន់ៗសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា នឹងមិនត្រូវបានរំខានដោយសារតែជម្លោះភូមិសាស្ត្រនយោបាយឡើយ ។
 
ក្រៅពីបញ្ហាតំបន់ លោក ប៊ែសស៊ែន (Bessent) ក៏បានលើកឡើងពីស្ថានភាពទីផ្សារហិរញ្ញវត្ថុសកល ជាពិសេសការកើនឡើងនូវអត្រាការប្រាក់សញ្ញាប័ណ្ណ (ប័ណ្ណបំណុល) ដែលលោកជឿថាជាបញ្ហាអតិផរណាបណ្ដោះអាសន្នប៉ុណ្ណោះ។ ជាជំហានបន្ទាប់ លោក ប៊ែសស៊ែន (Bessent) នឹងបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន មុនពេលចូលរួមក្នុងក្រុមប្រតិភូផ្លូវការរបស់ប្រធានាធិបតី ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.