ចិនបញ្ជាក់ជាថ្មីពីការប្រឆាំងនឹងការលក់អាវុធឱ្យតៃវ៉ាន់ និងបដិសេធការចោទប្រកាន់របស់អ៊ីស្រាអ៊ែល ដែលថាចិនជួយអ៊ីរ៉ង់ផលិតមីស៊ីល
ចិន៖ ក្រសួងការបរទេសចិន តាមរយៈអ្នកនាំពាក្យ លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវជំហរម៉ឺងម៉ាត់របស់ខ្លួនលើបញ្ហាតៃវ៉ាន់ ដោយប្រឆាំងដាច់ខាតចំពោះការលក់អាវុធពីសំណាក់សហរដ្ឋអាម៉េរិក។ ការប្រកាសនេះ ធ្វើឡើងចំពេលដែលមជ្ឈដ្ឋាននានាកំពុងរង់ចាំមើលជំនួបកំពូលរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជិនពីង ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ។
ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់រដ្ឋធានីប៉េកាំងនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងរយៈពេលជិត ១០ ឆ្នាំ ខណៈមេដឹកនាំទាំងពីរគ្រោងនឹងពិភាក្សាលើបញ្ហាចម្រូងចម្រាសជាច្រើន រួមមានពាណិជ្ជកម្ម សន្តិសុខ និងជម្លោះនៅមជ្ឈិមបូព៌ា។ ក្រៅពីបញ្ហាតៃវ៉ាន់ ភាគីចិន ក៏បានបង្ហាញការមិនពេញចិត្តចំពោះការដាក់ទណ្ឌកម្មឯកតោភាគីពីសំណាក់អាម៉េរិក ដែលចិនចាត់ទុកថាគ្មានមូលដ្ឋានច្បាប់អន្តរជាតិ ឬគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចិននឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម និងពលរដ្ឋចិន។
នៅក្នុងវិស័យពាណិជ្ជកម្ម ភាគីទាំងពីររំពឹងថា នឹងបន្តការពិភាក្សាដែលធ្លាប់បានសម្រេចកាលពីជំនួបនៅប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ចៀសសង្គ្រាមពន្ធដារ។ អាម៉េរិកមានបំណងជំរុញឱ្យចិនបន្តអនុញ្ញាតឱ្យនាំចេញរ៉ែកម្រ ខណៈកិច្ចព្រមព្រៀងលើវិស័យកសិកម្ម ថាមពល និងយន្តហោះ ក៏អាចនឹងត្រូវលើកយកមកពិភាក្សាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរ ។
ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលថាចិនបានជួយអ៊ីរ៉ង់ក្នុងការផលិតមីស៊ីល។ អ្នកនាំពាក្យចិន បានចាត់ទុកការលើកឡើងនេះ ថាជាការចោទប្រកាន់ដែលគ្មានការពិត និងជាការមួលបង្កាច់លើចិន ខណៈអាទិភាពចម្បងរបស់ចិន គឺជាការជំរុញឱ្យមានកិច្ចចរចាសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
ក្រៅពីជំនួបជាមួយអាម៉េរិក ចិនក៏កំពុងពង្រឹងសម្ព័ន្ធភាពជាមួយរុស្ស៊ីផងដែរ ដោយលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពុទីន គ្រោងនឹងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅចុងខែឧសភានេះ ស្របពេលដែលផែនការបង្កើត «ក្រុមប្រឹក្សាពាណិជ្ជកម្ម» រួមគ្នា គឺជាសញ្ញានៃការរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ nytimes & foxnews on Microsoft Bing