អភិបាលស្រុកចន្ទ្រា អំពាវនាវប្រជាពលរដ្ឋជួយតាមដាន និងពិនិត្យរាល់គម្រោងស្ថាបនា និងជួសជុលផ្លូវជាមួយអាជ្ញាធរ ដើម្បីឲ្យផ្លូវប្រើប្រាស់បានយូ អង្វែង
ស្វាយរៀង៖ លោក ថន ថាវុទ្ធា អភអភិបាលស្រុកចន្ទ្រា បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយតាមដាន និងពិនិត្យរាល់គម្រោងស្ថាបនា និងជួសជុលផ្លូវជាមួយអាជ្ញាធរ ដើម្បីឲ្យផ្លូវប្រើប្រាស់បានយូ អង្វែង។
ការអំពាវនាវនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែ ឧសភាមឆ្នាំ២០២៦ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុមួយខ្សែ ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៦ ស្ថិតក្នុងភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាមានប្រសាសន៍ថា “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយចុះតាមដានពិនិត្យមើលក្នុងពេលក្រុមហ៊ុនដែលដេញថ្លៃបាន និងកំពុងស្ថាបនាផ្លូវ។ បើធ្វើមិនត្រឹមត្រូវតាមកិច្ចសន្យានោះទេ ត្រូវរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានភ្លាម ជៀសវាងឲ្យផ្លូវប្រើប្រាស់គ្មានគុណភាពខាតបង់ថវិកាជាតិ។”
លោកអភិបាលស្រុកចន្ទ្រាបានមានប្រសាសន៍បន្តទៀតថា ប្រជាពលរដ្ឋ គឺជាម្ចាស់ផ្លូវ ដូច្នេះមានសិទ្ធិក្នុងការតាមដានពិនិត្យជាមួយអាជ្ញាធរ រាល់ការជួសជុល និងស្ថាបនា ហើយក្រោយពីជួសជុលស្ថាបនារួច សូមជួយថែរក្សា ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែង។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ក៏បានស្នើឲ្យក្រុមហ៊ុនដែលកំពុងទទួលការស្ថាបនា ក្រោយពីដេញថ្លៃបាន ត្រូវធ្វើតាមកិច្ចសន្យារបស់ម្ចាស់គម្រោង និងត្រូវធ្វើតាមស្តង់ដារបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផ្លូវល្អរឹងមាំប្រើប្រាស់បានយូរអង្វែង។
លោកអភិបាលស្រុកចន្ទ្រា ក៏បានលើកឡើងនូវបញ្ហាល្បែងសុីសងនៅក្នុងមូលដ្ឋាន ចោរកម្ម ក្មេងទំនើប ការជួញដូរគ្រឿងញៀន និងការគោរពច្បាបចរាចរណ៍ ជាពិសេសរដូវវស្សាចូលមកដល់ ត្រៀមលក្ខណៈដើម្បីការបង្កបង្កើនផល ត្រូវចេះការពារខ្លួនរកទីទួលសុវត្តិភាពនារដូវវស្សាដែលអាចមានភ្លៀងផ្គររន្ធះខ្យល់កន្ត្រាក់៕
អត្ថបទ៖ មិន ភក្តី