សង្គម

ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង

image


កំពង់ស្ពឺ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦) នៃរដ្ឋសភា លោក អង្គវង្ស វឌ្ឍានា បានជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺ ពង្រឹងសមត្ថភាព និងបង្កើនល្បឿនដោះស្រាយសំណុំរឿង ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ និងត្រូវធានាឱ្យបាននូវប្រសិទ្ធិភាព និងសុក្រិត្យភាពសម្រាប់ជនជាប់ចោទ។ ការជំរុញដូចនេះក្នុងពេលចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចគណ:កម្មការទី៦នៃរដ្ឋសភា ជាមួយអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរ ស្ថាប័នជំនាញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

លោក អង្គវង្ស វឌ្ឍានា បានលើកឡើងថា នៅតាមបណ្តាសាលាដំបូងខេត្តមួយចំនួន មានការកកស្ទះសំណុំរឿងដោយសារតែកង្វះមន្ត្រីតុលាការ និងព្រះរាជអាជ្ញា យន្តការដោះស្រាយមានភាពយឺតយ៉ាវ និងកង្វះបន្ទប់សាវនការជាដើម ហើយសំណុំដែលកកស្ទះទាំងនោះភាគច្រើនជាសំណុំរឿង ទំនាស់ដីធ្លី ក្មេងទំនើង និងគ្រឿងញៀន។ ប៉ុន្តែក្រោយមានកំណែទម្រង់ក្នុងវិស័យយុត្តិធម៌ បញ្ហាទាំងនេះត្រូវបានដោះស្រាយ និងបំពេញបន្ថែម ធ្វើយ៉ាងណាពន្លឿនការរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ ការពន្លឿនការដោះស្រាយ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្នផងដែរ។ កន្លងមក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានចេញសេចក្តីណែនាំទៅកាន់ប្រធានសាលាដំបូងរាជធានី-ខេត្ត លើការងារនេះ ដើម្បីធានាឱ្យយន្តការដោះស្រាយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ដោយផ្អែកតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌនិងសារាចរពាក់ព័ន្ធនានា។

ជាមួយគ្នានេះ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាក៏ជំរុញបន្ថែមផងដែរទៅដល់អាជ្ញាធរខេត្តឱ្យពិនិត្យលទ្ធភាពជម្លោះ ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការតាមយន្តការស្ម័គ្រចិត្តដោយផ្តោតលើការសម្រុះសម្រួលនិងផ្សះផ្សា ដើម្បីបញ្ចប់វិវាទដោយសន្តិវិធី។ ការដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ វាមានភាពរហ័ស និងចំណាយតិចផងដែរ។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹងមានចំនួន៣៣០ករណី បានដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធចំនួន ៧០ករណី ក្នុងនោះបណ្តឹងពីថ្នាក់ជាតិ ២ករណី និងបណ្តឹងពីប្រជាពលរដ្ឋ ៦៨ករណី(ទំនាស់រុំារ៉ៃ១៩-៣២ឆ្នាំ មានចំនួន ១៣ករណី) កំពុងសម្រុះសម្រួលដោះស្រាយនៅថ្នាក់ខេត្ត ៥៨ករណី និងបញ្ជូនទៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបោះត្រាឱ្យអត្ថិភាពគតិយុត្ត ១ករណី ព្រមទាំងបញ្ជូនទៅមន្ទីរជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរក្រុង ស្រុក ដើម្បីចាត់ការសម្រុះសម្រួលជាសមត្ថកិច្ចចំនួន ២០១ករណី៕

អត្ថបទ៖ ប៊ុត សារុន