អ្នកកាសែតវៀតណាម និងកម្ពុជា បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ហាណូយ៖ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយសមាគមអ្នកកាសែតវៀតណាម ខណកិច្ចពិភាក្សានោះនៅក្នុងអំឡុងពេលគណប្រតិភូក្លិបអ្នកកាសែតកម្ពុជាទស្សនកិច្ចនៅប្រទេសវៀតណាម។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរនៅក្នុងវិស័យព័ត៌មាន សំខាន់និងទំនាក់ទំនងក្នុងអំឡុងពេលនៃការផ្លាស់ប្តូរឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) រួមទាំងកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកកាសែតទាំងពីរ។
លោក ឡេ ក្វឹកមិញ សមាជិកគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម បានផ្តល់ព័ត៌មានអំពីសកម្មភាព និងការងារសំខាន់ៗរបស់សមាគមក្នុងរយៈពេលខាងមុខ។ លោកក៏បានចែករំលែកការយល់ដឹងអំពីស្ថានភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅវៀតណាម ជាពិសេសបញ្ហាប្រឈមដែលបង្កឡើងនៅក្នុងយុគសម័យឌីជីថល ខណៈដែលបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានលើកទ្បើងអំពីបេសកកម្មចម្បងរបស់ក្លឹបអ្នកកាសែតកម្ពុជារួមមាន ការបណ្តុះបណ្តាល ប ការងារការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មាន និងការងារមួយចំនួនទៀតដែលជាប្រយោជន៍សម្រាប់អ្នកសារព័ត៌មាន។
លោកក៏បានលើកទ្បើងអំពីការអភិវឌ្ឍនិងបញ្ហាប្រឈមនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ដែលកំពុងមានឥទ្ធិពលខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងឥស្សរជនដែលមានឥទ្ធិពល។ នៅក្នុងបរិបទនេះ អ្នកសារព័ត៌មានអាជីពត្រូវការការបណ្តុះបណ្តាលដើម្បីប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មាន។
លោក ពុយ គា ក៏បានសម្តែងការរីករាយនិងទទួលយកនូវការអញ្ជើញពីសមាគមអ្នកកាសែតវៀតណាម ដើម្បីចូលរួមមហោស្រពសំនៀងអ្នកសារព័ត៌មានអាស៊ានឆ្នាំ២០២៦ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងសិល្បៈផងដែរ។
ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងរយៈពេលខាងមុខ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានរវាងភ្នាក់ងារសារព័ត៌មាន ចែករំលែកបទពិសោធន៍លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យសារព័ត៌មាន និងរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំ ដើម្បីកែលម្អជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៕