ព័ត៌មានជាតិ

ក្រសួងការងារ ប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ដោយផ្តោតលើការរួមគ្នាបន្តការពារកម្មករនិយោជិត ពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ

image

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ១ ៣០០នាក់។

 

ថ្លែងនាឱកាសនោះ លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រាព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្ត ហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។ លោក បន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការ ILO បង្កើតអនុសញ្ញា ១៥៥ និង ១៨៧ ដែលផ្តោតលើសុវត្ថិភាពនិងសុខភាពការងារ។

 

លោក ហេង សួរ បានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។ ក្នុងនោះ ក្រសួងបានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាងសកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងការពង្រឹងយន្តការអនុវត្តច្បាប់ និងការចុះវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងគិតគូរពីសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាព និងធានានិរន្តរភាពអាជីវកម្ម។ ក្នុងន័យនេះ ក្រសួងនឹងដាក់ឱ្យសាកល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ ដើម្បីតាមដានកម្រិតកម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និងសំណើមនៅតាមរោងចក្រ។ ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងសុខភាពផ្លូវចិត្ត ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុកភាពពិតប្រាកដ។

បន្ថែមលើវិធានការបច្ចេកទេស លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអធិការពេទ្យការងារ បន្តពង្រឹងតួនាទីរបស់ខ្លួនឱ្យបានពេញលេញ ក្នុងការជំរុញឱ្យតាមបណ្តាសហគ្រាស រោងចក្រ រៀបចំប្រព័ន្ធតាមដានកម្ដៅ និងប្រព័ន្ធផ្ដល់ព័ត៌មានរហ័ស ក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យមានការបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ និងប្រើប្រាស់យន្តការត្រីភាគី ដើម្បីពង្រីកវិសាលភាពនៃការការពារកម្មករនិយោជិតឱ្យកាន់តែទូលំទូលាយ។

ទន្ទឹមនឹងការខិតខំរបស់ក្រសួង សហជីព និងម្ចាស់សហគ្រាស លោក ហេង សួរ ក៏បានអំពាវនាវដល់កម្មករនិយោជិត ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងត្រូវ «ហ៊ាន» រាយការណ៍រាល់សកម្មភាពមិនអនុលោមភាពពាក់ព័ន្ធនឹងសុវត្ថិភាពការងារ តាមរយៈលេខទូរស័ព្ទ hotline ១២៨៦ ឬស្កែន QR Code បណ្ដឹងអនាមិក។ ជាមួយគ្នានេះ លោក បានរំលឹកឱ្យគ្រប់រោងចក្រត្រូវប្រាកដថា មានការបង្កើតគណៈកម្មាធិការសុខភាព និងសុវត្ថិភាពការងារ ដើម្បីជាសេនាធិការក្នុងកិច្ចការបង្ការគ្រោះថ្នាក់ផ្សេងៗ។ 

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្លូវចិត្ត និងការបង្ការភាពតានតឹងដោយកម្ដៅនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់គុណភាពជីវិតកម្មករនិយោជិត និងសេដ្ឋកិច្ចជាតិទាំងមូល។

លោក ទុន សុភ័ណ្ឌ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO, លោក He Enjia ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្ត ប្តេជ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ព័ន្ធក្នុងការដំណោះស្រាយបញ្ហានេះសម្រាប់កម្មករនិយោជិត៕