ព័ត៌មានជាតិ

រុស្ស៊ី ប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបធុនធ្ងន់ដែលមានសមត្ថភាពទម្លុះរាល់ប្រព័ន្ធការពារមីស៊ីលទំនើបៗរបស់គូសត្រូវ

image

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូដោយប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) ធុនធ្ងន់ប្រភេទ សាម៉ាត (Sarmat) កាលពីថ្ងៃអង្គារ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោង ១១:១៥ ព្រឹក ដោយសម្រេចបានរាល់គោលដៅបច្ចេកទេសទាំងអស់ ក្រោមការតាមដានយ៉ាងដិតដល់ពីមេបញ្ជាការកងកម្លាំងរ៉ុកកែតយុទ្ធសាស្ត្រ និងរបាយការណ៍ផ្ទាល់ជូនប្រធានាធិបតី វ្ល៉ាឌីមៀ ពុទីន ។
 
មីស៊ីលសាម៉ាត (Sarmat) ត្រូវគេចាត់ទុកជាអាវុធយុទ្ធសាស្ត្រជំនាន់ទី៥ ដ៏មានឥទ្ធិពលបំផុតក្នុងលោក ដោយសារតែមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលមានកម្លាំងផ្ទុះមហិមារហូតដល់ ៧,៥ មេហ្គាតោន។ លើសពីនេះ វាក៏អាចបំពាក់នូវយានហោះល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពទម្លុះរាល់ប្រព័ន្ធការពារមីស៊ីលទំនើបៗរបស់គូសត្រូវក្នុងពេលបច្ចុប្បន្នបានយ៉ាងងាយស្រួល ។
 
ចំណុចដ៏អស្ចារ្យបំផុត គឺចម្ងាយបាញ់របស់វា អាចហោះបានឆ្ងាយរហូតដល់ជាង ៣៥,០០០ គីឡូម៉ែត្រ។ សមត្ថភាពនេះ អនុញ្ញាតឱ្យរុស្ស៊ីមានលទ្ធភាពវាយប្រហារចំគោលដៅណាមួយនៅជុំវិញផែនដី ដែលជាការបង្កើនឥទ្ធិពលយោធា និងពង្រឹងខែលការពារនុយក្លេអ៊ែរឱ្យកាន់តែរឹងមាំក្នុងស្ថានភាពភូមិសាស្ត្រនយោបាយសកលដ៏តានតឹង ។
 
ផ្អែកលើប្រវត្តិនៃការអភិវឌ្ឍតាំងពីការបាញ់សាកល្បងដំបូងក្នុងឆ្នាំ ២០២២ មីស៊ីលដែលផលិតដោយក្រុមហ៊ុនរចនា និងស្រាវជ្រាវបច្ចេកទេស ម៉ាខេយ៉េវ (Makeyev) គ្រោងនឹងដាក់បញ្ចូលក្នុងជួរកងទ័ពត្រៀមប្រយុទ្ធនៅតំបន់ ក្រាស្នូដារ (Krasnodar) ត្រឹមដំណាច់ឆ្នាំ ២០២៦។ ការសម្រេចបាននូវជោគជ័យនាពេលនេះ គឺជាជំហានចុងក្រោយដ៏សំខាន់ក្នុងការត្រៀមលក្ខណៈដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាវុធយុទ្ធសាស្ត្រដ៏ទំនើបបំផុតរបស់រុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY