រដ្ឋមន្ត្រីសុខាភិបាល៖ ការមើលរំលងសារៈសំខាន់ នៃភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្ត នឹងនាំឱ្យមានចន្លោះប្រហោង ក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ និងការវិនិយោគ ក្នុងវិស័យសុខាភិបាល
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីបើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ បានមានប្រសាសន៍ថា ខណៈដែលពិភពលោកកំពុងមានការប្រឈមសុខភាពផ្លូវចិត្ត ដែលមិនអាចស្មានបាន និងខណៈដែលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការអភិវឌ្ឍសង្គម⁃សេដ្ឋកិច្ច ដោយបានសម្រេចនូវវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច និងលទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ យើងក៏កំពុងប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តកាន់តែស្មុគស្មាញឡើង ដោយសារឥទ្ធិពលនៃបម្រែបម្រួលនៃនយោបាយពិភពលោក ប្រកបដោយគ្រោះថ្នាក់។
ជាមួយនោះ សម្ពាធសេដ្ឋកិច្ច ការប្រែប្រួលសង្គមយ៉ាងឆាប់រហ័ស ការផ្លាស់ប្ដូររចនាសម្ព័ន្ធគ្រួសារ សង្គម និងសហគមន៍ ការផ្លាស់ទីលំនៅ ឥទ្ធិពលនៃបម្រែបម្រួលលអាកាសធាតុ និងគ្រោះអាសន្នសុខភាពសាធារណៈ ក៏បាននិងកំពុងជះឥទ្ធិពលជាអវិជ្ជមានលើសុខភាពផ្លូវចិត្ត និងអាចប៉ះពាល់ ដល់ការអភិវឌ្ឍជាតិ ព្រមទាំងអាចធ្វើឱ្យការអភិវឌ្ឍធ្លាក់ចូលក្នុង «អន្ទាក់នៃភាពក្រីក្រ»។ សម្រាប់កម្ពុជា ព្រឹត្តិការណ៍ដ៏សោកសៅបណ្ដាលមកពីការឈ្លានពានពីប្រទេសថៃ មិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ប្រជាជនកម្ពុជា នៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត របស់ប្រជាជនទូទាំងប្រទេសផងដែរ។
លោក ឈាង រ៉ា បន្តថា ការយល់ដឹងស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ គឺជាការលើកកម្ពស់សមត្ថភាពរបស់មន្ត្រី ក្នុងការប្រមើលមើលបញ្ហាសុខភាពផ្លូវចិត្តប្រទាក់ក្រឡាដែលមានវិសាលភាពហួសពីវិស័យសុខាភិបាល រួមទាំងសមត្ថភាព ក្នុងការធ្វើសកម្មភាពឱ្យបានឆាប់ប្រកបដោយយុទ្ធសាស្ត្រ ដែលអាចចូលរួមកាត់បន្ថយបន្ទុកនៃសេវាសុខាភិបាល លើកកម្ពស់សុខុមាលភាពប្រជាជន និងកសាងបាននូវសហគមន៍ ដែលមានភាពធន់ និងប្រកបដោយផលិតភាព។
លោករដ្ឋមន្ត្រី បានបន្តថា ភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈមិនមែនត្រឹមតែជាការគ្រប់គ្រង ឬត្រួតពិនិត្យសេវានិងអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្តនោះទេ ប៉ុន្តែជាសមត្ថភាពនៃការយល់ដឹងពីប្រព័ន្ធ គោលនយោបាយ ការកៀរគរធនធាន ការសម្របសម្រួល ការជំរុញសកម្មភាព និងការធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងសហគមន៍ដើម្បីគាំពារ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពផ្លូវចិត្ត។ ហេតុផលទាំងនេះ បង្ហាញយ៉ាងច្បាស់ថា ភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ មិនមែនជាជម្រើសទេ ប៉ុន្តែជាលក្ខខណ្ឌចាំបាច់មួយ សម្រាប់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ការមើលរំលងសារៈសំខាន់នៃភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តនឹងនាំឱ្យមានចន្លោះប្រហោងក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ និងការវិនិយោគក្នុងវិស័យសុខាភិបាល។
ក្នុងវគ្គបណ្តុះបណ្តាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាល៖ ១.ត្រូវខិតខំធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្ត ក្នុងប្រព័ន្ធផ្ដល់សេវាសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពរួមទាំងការធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម ដោយ ចាត់ទុកការថែទាំសុខភាពផ្លូវចិត្តជាផ្នែកមួយនៃការថែទាំសុខភាពជាប្រចាំ, ២.ត្រូវខិតខំធ្វើសមាហរណកម្មចំណេះដឹងស្តីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈទៅក្នុងកម្មវិធីសុខភាពសាធាណៈផ្សេងទៀត និហ៣) ត្រូវខិតខំពង្រីកកម្មវិធីបណ្ដុះបណ្ដាល ស្តីពីសុខភាពផ្លូវចិត្តនៅគ្រប់កម្រិត ដើម្បីឱ្យធនធានសុខភាព ផ្លូវចិត្តឱ្យមានលក្ខណៈកាន់តែសម្បូរបែប៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ