អង្គការសហប្រជាជាតិ នៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ភ្នំពេញ៖ អង្គការសហប្រជាជាតិ នៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការប្តេជ្ញាបែបនេះរបស់លោកស្រី Vladanka Andreeva តំណាងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំការងាររួម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ដែលភាគីកម្ពុជា ដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារអាទិភាពឆ្នាំ២០២៦ នៃការអនុវត្ដក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ (UNSDCF 2024-2028)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចំនួន ២៧ និងតំណាងជាន់ខ្ពស់មកពីបណ្ដាស្ថាប័ននៃអង្គការសហប្រជាជាតិ សរុប ៩០រូប។
លោកទេសរដ្ឋមន្រ្ដី បានរំព្ញកជូនអង្គប្រជុំពីសាវតា និងសារៈសំខាន់នៃការបង្កើតគណៈកម្មាធិការដឹកនាំការងាររួម ដែលមានតួនាទីក្នុងការពិនិត្យ តាមដានវឌ្ឍនភាព និងផ្ដល់អនុសាសន៍ជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងអំឡុងពេលនៃការអនុវត្ដ UNSDCF 2024-2028។
ទន្ទឹមនឹងនេះ លោកស្រី Vladanka Andreeva បានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ និងកត់ត្រានូវរាល់អនុសាសន៍របស់អង្គប្រជុំ ដើម្បីធានាការអនុវត្តផែនការអាទិភាពឆ្នាំ ២០២៦ ទទួលបានលទ្ធផលកាន់តែប្រសើរឡើង។
លោកស្រី បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងាររួម គឺជាឱកាសដ៏សំខាន់មួយសម្រាប់ពិនិត្យឡើងវិញនូវសមិទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងឆ្នាំ២០២៥ កន្លងមក ព្រមទាំងឯកភាពលើអាទិភាពឆ្នាំ២០២៦។
ទន្ទឹមនេះ អង្គប្រជុំបានអនុម័តលក្ខខណ្ឌយោងការងាររបស់គណៈកម្មាធិការដឹកនាំការងាររួម ដែលនឹងក្លាយជាយន្ដការសម្រាប់បង្កើនប្រសិទ្ធភាពការសម្របសម្រួល និងតាមដាន នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨។
លោកទេសរដ្ឋមន្ត្រី បានសម្ដែងការជឿជាក់ថា កិច្ចប្រជុំលើកទី១នេះ នឹងចូលរួមចំណែកក្នុងការពង្រឹងការអនុវត្ដក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការជម្រុញការអភិវឌ្ឍក្នុងវិស័យ និងអនុវិស័យមួយចំនួនដូចជា វិស័យសុខាភិបាល, វិស័យអប់រំ, វិស័យបរិស្ថាន, វិស័យពិការភាព, ការអភិវឌ្ឍធនធានមនុស្ស, ការលើកម្ពស់ប្រព័ន្ធគាំពារសង្គម, ប្រព័ន្ធអភិបាលកិច្ច និងការបោសសំអាតមីន។ សមិទ្ធផលទាំងនេះពិតជាបានបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
អង្គប្រជុំបានរំលេចនូវអាទិភាពជាយុទ្ធសាស្រ្ដចំនួន ៣ ក្នុងការអនុវត្ដកិច្ចការងារបន្ដរបស់ UNSDCF 2024-2028 រួមមាន៖ ១.ត្រូវបន្ដពង្រឹងភាពស៊ីសង្វាក់គ្នារវាងអាទិភាពគោលនយោបាយ និងការអនុវត្ត ជាពិសេសនៅកម្រិតថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យលទ្ធផលដែលសម្រេចបានមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ២. ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសក្នុងបរិបទនៃបម្រែបម្រួលទិដ្ឋភាពហិរញ្ញវត្ថុសកល។ ក្នុងនោះរួមមាន ការកៀរគរហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតម្រឹមការប្រើប្រាស់ធនធានឱ្យស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិ។ ៣. ត្រូវពន្លឿនការអនុវត្ដការងារក្រោមអភិក្រមអន្ដវិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជា ការប្រែប្រួលអាកាសធាតុ កិច្ចគាំពារសង្គម និងបរិវត្តកម្មសេដ្ឋកិច្ច៕
អត្ថបទ៖ ចេង ឆហួត