ព័ត៌មានជាតិ

កម្ពុជា ទទួលជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិ SIGA លើកទី៣៥ ឆ្នាំ២០២៧ នៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប

image

ឡាវ៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អតីតប្រតិភូនាវាយុវជនមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន បន្ទាប់ពីបានទទួលទង់ជ័យ ជាសក្ខីភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៥» ឬ 35th SIGA ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់ និងទទួលទង់ជ័យនេះ រៀបចំនាឱកាសមហាសន្និបាតអន្តរជាតិលើកទី៣៤ (34th SIGA) នៅរដ្ឋធានីវៀងច័ន្ទ និងខេត្តវ៉ាំងវៀង សាធារណរដ្ឋប្រជាមានិតឡាវ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានប្រតិភូកម្ពុជា ព្រមទាំង កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC)។

គួរកត់សម្គាល់ថា មហាសន្និបាតឆ្នាំនេះ ប្រារព្ធឡើងក្រោមមូលបទ “SSEAYP International: Enhancing Memories, Harmony & Connectivity” ដែលរៀបចំដោយសមាគមអតីតប្រតិភូឡាវ (LASSA) និងសម្ព័ន្ធយុវជនឡាវ។ ក្នុងព្រឹត្តិការណ៍នោះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាព រួមមានការប្រជុំថ្នាក់ដឹកនាំសមាគម (COP Meeting) វឌ្ឍនភាពការងាររបស់សមាគម ជាពិសេសលើការងារមនុស្សធម៌ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាទូតសុឆន្ទៈដ៏មានសមត្ថភាព។ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងការរៀបចំដ៏រឹងមាំរបស់ក្រុមការងារកម្ពុជា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សមាជិកដទៃទៀត ដែលជាសញ្ញាវិជ្ជមានសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅឆ្នាំ២០២៧។

ក្នុងពិធីទទួលទង់ជ័យ SIGA ពីម្ចាស់ផ្ទះឡាវ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ក្នុងការបន្តបេសកកម្មពង្រឹងបណ្តាញអតីតប្រតិភូយុវជនជាង ១៣,៥០០ នាក់ក្នុងតំបន់ និងថា៖ «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនត្រឹមតែក្នុងការរៀបចំកិច្ចប្រជុំកម្រិតតំបន់ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីសន្តិភាព ការអភិវឌ្ឍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈយុវជន»។

គួរបញ្ជាក់ផងដែរថា SIGA គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អតីតប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដើម្បីពង្រឹងបណ្តាញទំនាក់ទំនងរវាងសមាគមអតីតប្រតិភូទាំង ១១ ប្រទេស ចែករំលែកបទពិសោធន៍លើសកម្មភាពក្រោយកម្មវិធី (Post-Program Activities) ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៃប្រទេសជាម្ចាស់ផ្ទះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) សូមគោរពអញ្ជើញសមាជិក សមាជិកា និងដៃគូសហការទាំងអស់ ចូលរួមគាំទ្រ និងរួមចំណែកតាមគ្រប់រូបភាព ដើម្បីឱ្យមហាសន្និបាតលើកទី៣៥ ឆ្នាំ២០២៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្លាយជាមោទនភាពជាតិ និងជាព្រឹត្តិការណ៍ដ៏ជោគជ័យជាប្រវត្តិសាស្ត្រ៕