ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លើការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លើការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ។ ពិធីដាក់ឱ្យប្រើប្រាស់នេះ ប្រព្រឹត្តក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការដាក់ឱ្យប្រើប្រាស់ការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តនេះ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ បង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងទាំងពីរ ក៏បានបញ្ជាក់ផងដែរ ចំពោះបណ្ណបើកបរយានយន្តដែលបានចេញមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមិនមាន ឬ មាន QR Code នៅតែអាចបន្តប្រើប្រាស់បានតាមការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយសម្រាប់បណ្ណបើកបរដែលមាន QR Code ទាំងអស់ នឹងមានបង្ហាញទិន្នន័យទៅលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការស្គែន QR Code ដែលមាននៅលើបណ្ណបើកបរយានយន្ត។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា ក្រសួង នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំពោះការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល តាមរយៈ កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយការស្គែន QR Code របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅលើបណ្ណបើកបរយានយន្តដែលមានស្រាប់ ដើម្បីរក្សាទុកបណ្ណបើកបរទម្រង់ឌីជីថលសម្រាប់ការប្រើប្រាស់ជាផ្លូវការទៅតាមជំហាននីមួយៗដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ ឬចូលទស្សនាវីដេអូណែនាំអំពីជំហាននីមួយៗ តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ddl-um។
អ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់បណ្ណបើកបរក្នុងទម្រង់ឌីជីថល ដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា។
ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ នឹងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ សុភ័ស្ស