អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា
ភ្នំពេញញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា។
ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ទូលព្រះបង្គំខ្ញុំ និង ភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសប្រកបដោយសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីព្រះកម្លាំង ព្រះកាយពល និងព្រះបញ្ញាណ បំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅ របស់ព្រះអង្គ។
ទូលព្រះបង្គំយើងទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់ទេវតា គុណបុណ្យព្រះរតន ត្រ័យកែវទាំងបីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ ទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោ ភាពតរៀងទៅ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ”៕