ផ្ទុះអាវុធជាច្រើនគ្រាប់នៅឯវិមានព្រឹទ្ធសភាហ្វីលីពីន ក្នុងប្រតិបត្តិការចាប់ខ្លួនសមាជិកសភាជាន់ខ្ពស់ តាមដីការបស់តុលាការ ICC
ហ្វីលីពីន៖ មានការផ្ទុះអាវុធប្រមាណជា ១៥គ្រាប់ក្នុងអំឡុងពេលដែលកម្លាំងសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនសមាជិកព្រឹទ្ធសភាហ្វីលីពីន លោក រ៉ូណាល់ ដឺឡា រ៉ូសា (Ronald dela Rosa) កាលពីល្ងាចថ្ងៃពុធ។ លោក ដឺឡា រ៉ូសា (dela Rosa) កាលពីថ្ងៃចន្ទ ត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលលោកមានតួនាទីជាអតីតមេបញ្ជាការនគរបាលជាតិដែលដឹកនាំសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏សាហាវ អំឡុងអាណត្តិលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ។
លោក ដឺឡា រ៉ូសា បានព្យាយាមស្នាក់នៅក្នុងវិមានព្រឹទ្ធសភាដើម្បីគេចពីការចាប់ខ្លួន និងបានអំពាវនាវជាសាធារណៈឱ្យប្រធានាធិបតី ម៉ាកូស ជូន័រ (Marcos Jr.) ជួយការពាររូបលោកក្នុងនាមជាពលរដ្ឋហ្វីលីពីន ដោយស្នើសុំឱ្យប្រធានាធិបតី កុំប្រគល់ខ្លួនលោកទៅឱ្យតុលាការ ICC ដោយលោកត្រៀមខ្លួនប្រឈមមុខនឹងច្បាប់នៅក្នុងប្រទេស ។
បន្ថែមពីនេះ លោកបានបដិសេធរាល់ការចោទប្រកាន់ពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ដោយអះអាងថាអ្វីដែលលោកបានធ្វើ គឺដើម្បីបម្រើប្រយោជន៍ជាតិ និងប្រជាជន។ យុទ្ធនាការប្រឆាំងគ្រឿងញៀនកាលពីអាណត្តិមុន បានបណ្តាលឱ្យមនុស្សជាង ៦,០០០ នាក់ត្រូវបាត់បង់ជីវិត ដែលនាំឱ្យមានការស៊ើបអង្កេតពីអន្តរជាតិរហូតឈានដល់ការចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ Al Jazeera/ Reuters