មេដឹកនាំអាម៉េរិក-ចិន ជួបស្វាគមន៍គ្នានៅទីក្រុងប៉េកាំង នៅក្នុងដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកត្រាំ
ចិន៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងសមភាគីចិន ស៊ី ជីនពីង បានជួបស្វាគមន៍គ្នានៅទីក្រុងប៉េកាំង ជាមួយនឹងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនៅលើកម្រាលព្រំក្រហម នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ គេចាត់ទុកថា ជំនួបនេះ ជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុតមួយ ដែលពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់តាមដានយ៉ាងខ្លាំង ព្រោះតែវានឹងជះឥទ្ធិពលដល់ស្ថិរភាពសកល ។
បញ្ហាប្រឈមធំៗជាច្រើន ក៏មានការដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចពិភាក្សានេះ រួមមានជម្លោះពន្ធគយ ការប្រជែងគ្នាខាងបច្ចេកវិទ្យាកម្រិតខ្ពស់ និងបញ្ហាសន្តិសុខតំបន់ដូចជាបញ្ហាកោះតៃវ៉ាន់ និងសង្គ្រាមនៅអ៊ីរ៉ង់។ គោលដៅចម្បងរបស់ភាគីអាម៉េរិក គឺជាការជំរុញឱ្យចិនបើកចំហទីផ្សារសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំងសម្រាប់ធុរកិច្ចរបស់សហរដ្ឋអាម៉េរិក ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺវត្តមានរបស់មេដឹកនាំបច្ចេកវិទ្យាកំពូលៗ ដូចជាម្ចាស់ក្រុមហ៊ុន Tesla និងអ៊ែនវីឌៀ (Nvidia) ដែលបានអមដំណើរលោក ត្រាំ ក្នុងអំឡុងការបំពេញទស្សនកិច្ចនេះ។ វត្តមានរបស់អ្នកទាំងនេះ សបញ្ជាក់ឱ្យឃើញថា វិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម គឺជាចំណុចស្នូលនៃការចរចាដែលមិនអាចខ្វះបានរវាងមហាអំណាចទាំងពីរ ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC ប្រចាំប្រទេសចិន បានកត់សម្គាល់ថា លោក ត្រាំ ដែលធ្លាប់មកបំពេញទស្សនកិច្ចចុងក្រោយកាលពីឆ្នាំ ២០១៧ បានត្រឡប់មកវិញក្នុងពេលដែលប្រទេសចិនកាន់តែមានឥទ្ធិពល និងរឹងមាំជាងមុន ហើយចិនកំពុងព្យាយាមបង្ហាញខ្លួនថាជាមហាអំណាចមួយដែលមានស្ថិរភាព។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ដើមឡើយត្រូវធ្វើឡើងតាំងពីខែមីនាម្ល៉េះ ប៉ុន្តែត្រូវពន្យារពេលដោយសារតែវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY/ BBC