ប្រធានាធិបតីចិន ប្រាប់មេដឹកនាំអាម៉េរិកថា ប្រទេសទាំងពីរគួរធ្វើជាដៃគូ មិនមែនជាគូសត្រូវនឹងគ្នាឡើយ
ចិន៖ នៅក្នុងជំនួបកំពូលនារដ្ឋធានីប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ទៅកាន់សមភាគីអាម៉េរិក ដូណាល់ ត្រាំ ពីសារៈសំខាន់នៃទំនាក់ទំនងរវាងចិន និងអាម៉េរិក ក្នុងនាមជាមហាអំណាចដែលពិភពលោកទាំងមូលកំពុងតាមដាន។ លោកស៊ី លើកឡើងថា ក្នុងស្ថានភាពដែលពិភពលោក កំពុងមានភាពច្របូកច្របល់ និងស្ថិតក្នុងរបត់ថ្មី មេដឹកនាំទាំងពីរមានកាតព្វកិច្ចនាំមកនូវស្ថិរភាព និងជៀសវាងការប៉ះទង្គិចគ្នាដែលនាំឱ្យខាតបង់ទាំងសងខាង ។
លោក ស៊ី បានអំពាវនាវឱ្យប្រទេសទាំងពីរប្រែក្លាយពីគូប្រជែងមកជាដៃគូសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមកឱ្យសម្រេចបាននូវភាពជោគជ័យ និងវិបុលភាពរួមគ្នា។ យុទ្ធសាស្ត្រនេះ មានគោលដៅបង្កើតគំរូថ្មីនៃទំនាក់ទំនងមហាអំណាច ដែលអាចដោះស្រាយបញ្ហាប្រឈមជាសកលបានយ៉ាងមានប្រសិទ្ធភាព និងស្វែងរកផ្លូវរស់នៅជាមួយគ្នាដោយចុះសម្រុងក្នុងសម័យកាលថ្មី ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រាំ នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយក្នុងឆ្នាំ ២០១៧ និងបន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់។ វត្តមានរបស់ប្រធានាធិបតីអាម៉េរិកនៅលើទឹកដីចិន ចំពេលមានភាពតានតឹងជាសកល បានឆ្លុះបញ្ចាំងពីការព្យាយាមស្ដារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សាចុងក្រោយនៅកូរ៉េខាងត្បូង ។
របៀបវារៈសំខាន់នៃការចរចា ផ្តោតខ្លាំងលើការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្លាប់បានផ្អាកសង្គ្រាមពន្ធគយ និងការស្នើសុំឱ្យចិនបន្តបើកចំហការនាំចេញរ៉ែកម្រ។ ក្រៅពីនេះ មហាអំណាចទាំងពីរក៏មានបំណងឈានទៅរកកិច្ចព្រមព្រៀងលើវិស័យសំខាន់ៗជាច្រើនទៀត ដូចជាកសិកម្ម និងថាមពល រួមទាំងការពិភាក្សាលើបញ្ហានយោបាយអន្តរជាតិដ៏ក្ដៅគគុកនៅអ៊ីរ៉ង់ជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video/ BBC.