សង្គម

កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹងសាមគ្គីភាពជាប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យសម្រេចបាន ២០ពាន់លានដុល្លារ

image


ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ លោក ទ្រិញ វ៉ាន់គៀត (Trịnh Văn Quyết) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា អប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរឹតចំណង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ក្នុងជំនួប លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលឆ្លុះ បញ្ចាំងពីអត្ថន័យយុទ្ធសាស្ត្រក្នុងការអនុ វត្តតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំកំ ពូល នៃប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវស្មារតី «ភាពអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដោយចាត់ទុកវៀតណាមជាសមាជិកគ្រួសារដ៏ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តបំផុត។

ជាមួយគ្នានេះ ភាគីកម្ពុជាបានសម្តែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាម និងគាំទ្រចក្ខុ វិស័យ ឆ្នាំ២០៤៥ ក្នុងការក្លាយ ជាប្រទេសអភិវឌ្ឍន៍។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចភាគីទាំងពីរ បានប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ តាមរយៈការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត- ហូជីមិញ ដែលនឹងជួយសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ទន្ទឹមនឹងនេះ លោក ទ្រិញ វ៉ាន់គៀត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែជួយសម្រួលដល់ការរស់នៅរបស់សហគមន៍វៀតណាម និងការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជាឱ្យមានដំណើរការល្អប្រសើរ។

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចភាគីថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការ ងារ ការទូតសភា ការផ្លាស់ប្តូរបទពិ
សោធន៍ ផ្នែកនីតិកម្មនិងការអប់រំយុវជនជំនាន់ក្រោយ ឱ្យយល់ដឹងពីតម្លៃនៃសាម គ្គីភាពជាប្រវត្តិសាស្ត្រ។ លើសពីនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោក ទ្រិញ វ៉ាន់គៀត  ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម ចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC) និងវេទិកាថ្នាក់ដឹកនាំ AIPA ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍក្នុងតំបន់ឱ្យស្ថិត ស្ថេរជាអមតៈ៕

អត្ថបទ៖ វង សុភ័ក្ត្រ