ប្រធានាធិបតីត្រាំ សរសើរលោក ស៊ី ជីនពីង ថាជាមេដឹកនាំដ៏ឆ្នើម និងកោតស្ញប់ស្ញែងចំពោះការទទួលបដិសណ្ឋារកិច្ចបានយ៉ាងល្អ
ចិន៖ ក្នុងអំឡុងកិច្ចពិភាក្សាផ្លូវរដ្ឋនៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រើប្រាស់ពាក្យសម្តីយ៉ាងផ្អែមល្ហែម និងកោតសរសើរដោយមិនលាក់លៀមចំពោះប្រធានាធិបតី ស៊ី ជីនពីង ដោយចាត់ទុកមេដឹកនាំចិនរូបនេះថាជា «មេដឹកនាំដ៏ឆ្នើមបំផុត»។ លោកបញ្ជាក់ថា ទោះបីជាមានមតិរិះគន់ចំពោះការលើកសរសើរនេះក៏ដោយ ក៏លោកនៅតែប្រកាន់ជំហរនិយាយដដែល ព្រោះតែវាជាការពិតដែលលោកបានឃើញដោយផ្ទាល់ភ្នែក ។
លោក ត្រាំ ក៏បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះពិធីទទួលបដិសណ្ឋារកិច្ច ជាពិសេសគឺវត្តមានរបស់កុមារចិន និងភាពដ៏អស្ចារ្យនៃកងទ័ពរបស់ប្រទេសចិន។ លោកលើកឡើងថា កិត្តិយសដែលលោកទទួលបាននាពេលនេះ គឺជាអ្វីដែលមនុស្សតិចតួចណាស់ក្នុងពិភពលោកអាចមានឱកាសបានជួប ដែលនេះបង្ហាញពីការផ្ដល់តម្លៃខ្ពស់របស់ម្ចាស់ផ្ទះចំពោះរូបលោក ។
ក្រៅពីការសន្ទនាបែបការទូត លោក ត្រាំ បាននាំមកជាមួយនូវក្រុមអ្នកជំនួញកំពូលៗចំនួន ៣០ រូបលើពិភពលោក ដើម្បីមកបង្ហាញការគោរព និងស្វែងរកឱកាសពាណិជ្ជកម្មនៅក្នុងប្រទេសចិន។ គោលដៅចម្បងរបស់លោក គឺរៀបចំឱ្យមានការធ្វើពាណិជ្ជកម្មដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកទាំងសងខាង និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។
ជំនួបលើកនេះ មានសារៈសំខាន់ខ្លាំងក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសគឺការបន្តផ្អាកសង្គ្រាមពន្ធគយ ព្រមទាំងការស្នើសុំឱ្យចិនបើកចំហការនាំចេញរ៉ែកម្រ។ កិច្ចពិភាក្សានេះ ក៏គ្របដណ្ដប់លើវិស័យយន្តហោះ កសិកម្ម ថាមពល និងការស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ដែលជាមូលហេតុធ្វើឱ្យទស្សនកិច្ចនេះត្រូវបានពន្យារពេល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video/ BBC.