អភិបាលខេត្តត្បូងឃ្មុំ ប្រាប់អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវធ្វើយ៉ាងណា ចាត់វិធានការក្តៅចំពោះក្មេងទំនើង កុំឱ្យបន្តការភ័យខ្លាចដល់ប្រជាពលរដ្ឋទៀត
ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តត្បូងឃ្មុំ មានភាពល្អប្រសើរ ប៉ុន្តែនៅមានការខ្វះចន្លោះខ្លះ ក្នុងនោះ គឺបញ្ហាក្មេងទំនើង ដែលនៅតែបន្តបង្កភាពវឹកវរក្នុងមូលដ្ឋានស្រុក ឃុំ សង្កាត់។ ដូចនេះ លោក ណែនាំ ឱ្យត្រូវធ្វើយ៉ាងណាចាត់វិធានការក្តៅចំពោះក្មេងទំនើងនេះ កុំឱ្យបន្តការភ័យខ្លាចដល់ប្រជាពលរដ្ឋទៀត។
ការណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
លោកអភិបាលខេត្ត មានប្រសាសន៍ថា “ក្មេងទំនើងនេះ មូលហេតុដែលកើតមាន គឺបណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជា កត្តាសង្គមរស់នៅ ការសេពគប់ខុស ខ្វះការអប់រំពីឪពុកម្តាយ មិនបានរៀនសូត្រមានចំណេះដឹង និងការប្រើប្រាស់នៅសារធាតុញៀន។ កត្តាទាំងនេះ មិនត្រឹមតែបង្កឱ្យមានក្មេងទំនើងក្នុងសង្គមទេ តែប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិ។ យោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ការផ្តោតលើធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមគឺសំខាន់ ដូចនេះហើយបញ្ហានេះ ធ្វើឱ្យធនធានមនុស្សក្នុងការអភិវឌ្ឍមានការធ្លាក់ចុះ ហើយដើម្បីឆ្លើយតបបញ្ហានេះ គឺអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា អប់រំណែនាំ ព្រមទាំងចាត់វិធានការឱ្យបានទាន់ពេលវេលា និងពុំមានការអន្តរាគមន៍ឡើយ។”
លោកអភិបាលខេត្ត បានកញ្ជាក់ផងដែរថា ចំពោះបញ្ហាប្រឈមនេះ គឺជាវិញ្ញាសារមួយដែលជាភារកិច្ចរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ គិតគូដោះស្រាយ ឱ្យបានទាន់ពេលវេលា សំដៅពង្រឹងស្ថិរភាព សុវត្ថិភាពសង្គម ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ លោក ប៉ែន កុសល្យ ក៏បានណែនាំឱ្យមានការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយកម្លាំងសមត្ថកិច្ច ត្រូវតែធ្វើតេស្តរកសារធាតុញៀន និងជាតិអាកុលចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយករណីរកឃើញលទ្ធផលវិជ្ជមានសារធាតុញៀន និងជាតិអាកុល ត្រូវតែអនុវត្តវិធាន ច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានេះ សូមឱ្យពិនិត្យរៀបចំឱ្យមានប៉ុស្តិ៍ត្រួត ពិនិត្យការអនុវត្តច្បាប់ចរារណ៍ផ្លូវគោក ដោយគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវអប់រំ ណែនាំមន្ត្រីជំនាញ កងកម្លាំង ឱ្យអនុវត្តតួនាទីភារកិច្ច ប្រកបដោយវិជ្ជាជីវៈ។
លោកអភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់កងកម្លាំង ត្រូវសហការជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ការរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ច ទាក់ទងការងារសន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋាន និងសូមផ្តល់ការសម្របសម្រួល ការសម្ងាត់ និងភាពងាយស្រួលជូនប្រជាពលរដ្ឋដែលបានផ្តល់ការរាយការណ៍។
លោកបាន ជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបញ្ជាក់ថា ក្នុងឆ្នាំ ២០២៦នេះ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសយ៉ាងស្រស្រាក់ស្រស្រ៊ាំ ក្នុងនោះ បានឃាត់ខ្លួនក្មេងទំនើង បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ មកអប់រំនិងធ្វើកិច្ចសន្យា បានបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់នៅសារធាតុញៀន ដកហូតវត្ថុតាង និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ។ ជាពិសេស គឺបានធ្វើប្រតិបត្តិការក្តៅគគុកបង្ក្រាបទីតាំងប្រព្រឹត្តអំពីឧក្រិដ្ឋកម្ម Online Scams និងជនលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ផងដែរ ដោយចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខ ផន