សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីរំលឹកគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន និងអ្នកស្នេហាជាតិគ្រប់ជំនាន់
អត្ថបទ៖ ហ៊ន សុភ័ក្រ
-------
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ (១២ ឧសភា ) នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
អតីតយុទ្ធជន និវត្តជន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ចំនួន ៣២ ក្រសួងស្ថាប័ន រាជធានី ខេត្ត យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់សរុប ប្រមាណ ៣,៥០០នាក់ ដែលបានអញ្ជើញចូលរួមក្នុងទិវាដ៏មានសារៈសំខាន់
ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់បច្ចុប្បន្ននេះ៕