ព័ត៌មានជាតិ

បញ្ហាព្រំដែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ទោះបីជាយ៉ាងណា កម្ពុជានៅតែជ្រើសរើសយកការចចារដោយសន្តិវិធី ប្រសើរជាងជ្រើសរើសយកការដោះស្រាយដោយសង្គ្រាម

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

--------
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មី ទោះបីជាមានសង្ឃឹមត្រឹម ១ភាគរយ ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី ក៏សម្ដេចធិបតីនៅតែជ្រើសយកយន្តការសន្តិវិធី ជាជាងធ្វើសង្គ្រាមច្បាំងគ្នាដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស ។ ការថ្លែងបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ (១២ ឧសភា ) នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលបានរួបរួមសាមគ្គីគ្នាគាំទ្រជួយដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខក្នុងកាលៈទេសៈកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ និងសូមពលរដ្ឋខ្មែរបន្តស្មារតីសាមគ្គីភាពនេះ កុំមានត្រឹមរយៈពេលខ្លីដូចភ្លើងចំបើង។
សម្តេចបវរធិបតី ក៏បានណែនាំឲ្យគ្រប់ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខ អតីតយុទ្ធជន និង និវត្តជន នៅតាមមូលដ្ឋាន, យុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅ តំបន់ព្រំដែន, យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ, និង ជនមាន ពិការភាព នៅតាមមណ្ឌលអភិវឌ្ឍយោធិនពិការ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និង លើកទឹកចិត្ត ដល់អតីតយុទ្ធជន, យុទ្ធជន និង យុទ្ធនារីទាំងអស់ ឱ្យកាន់តែល្អប្រសើរថែមទៀត ៕