ព័ត៌មានអន្តរជាតិ

លោក ត្រាំ សរសើរជំនួបនៅប៉េកាំង ថាជាជំនួបដ៏វិជ្ជមាន និងផ្លែផ្កា ព្រមទាំងអញ្ជើញមេដឹកនាំចិន ឱ្យទៅទស្សនកិច្ចនៅអាម៉េរិក នាខែកញ្ញាខាងមុខ

image


 
ចិន៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉េកាំង លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចពិភាក្សាជាមួយភាគីចិន ដោយចាត់ទុកថាជាជំនួបដ៏មានផ្លែផ្កាបំផុត។ លោកបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ស៊ី ជីនពីង ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អធិកអធម ព្រមទាំងបានអញ្ជើញមេដឹកនាំចិនរួមទាំងលោកជំទាវទីមួយ ឱ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកវិញ នាថ្ងៃទី២៤ ខែកញ្ញា ដើម្បីបន្តពង្រឹងចំណងមិត្តភាពនេះ ។
 
ទោះបីជាមានបរិយាកាសស្និទ្ធស្នាល និងការលើកសរសើរគ្នាទៅវិញទៅមកក៏ដោយ ប៉ុន្តែភាពតានតឹងផ្នែកនយោបាយនៅតែមាន ដោយបង្ហាញតាមរយៈការព្រមានពីសំណាក់លោក ស៊ី ជីនពីង អំពីបញ្ហាកោះតៃវ៉ាន់។ លោក ស៊ី សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរអាចរក្សាស្ថិរភាពបាន លុះត្រាតែបញ្ហាតៃវ៉ាន់ មានការដោះស្រាយដោយប្រុងប្រយ័ត្នបំផុត បើមិនដូច្នោះទេនឹងឈានដល់ការផ្ទុះអាវុធជាក់ជាមិនខាន ។
 
លោក ស៊ី ជីនពីង បានជំរុញឱ្យប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ «ធ្វើជាដៃគូ មិនមែនគូប្រជែង» ដើម្បីផលប្រយោជន៍សកល។ ជាការឆ្លើយតប លោក ត្រាំ ក៏បានទទួលស្គាល់ពីសមត្ថភាពដឹកនាំដ៏ឆ្នើមរបស់លោក ស៊ី ទោះបីជាការលើកសរសើរនេះអាចនឹងរងនូវការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនក៏ដោយ ប៉ុន្តែលោក ត្រាំ នៅតែប្រកាន់ជំហរនិយាយសរសើរ ព្រោះលោកយល់ថា វាជាការពិតដែលលោកបានឃើញដោយផ្ទាល់ ។
 
គួររំឭកថា ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រដែលត្រូវបានពន្យារពេលដោយសារតែវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ខាងលើនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយក្នុងការស្ដារទំនាក់ទំនងឡើងវិញ។ បន្ទាប់ពីកិច្ចពិភាក្សាផ្លូវការ មេដឹកនាំទាំងពីរ បានឆ្លៀតពេលទស្សនាទីតាំងប្រវត្តិសាស្ត្រក្នុងទីក្រុងប៉េកាំង ដែលឆ្លុះបញ្ចាំងពីការព្យាយាមកាត់បន្ថយភាពតានតឹង ក៏ដូចជាការស្វែងរកចំណុចរួម ដើម្បីស្ថិរភាពយុទ្ធសាស្ត្ររវាងមហាអំណាចទាំងពីរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ CGTN