អាជ្ញាធរកម្ពុជា រកឃើញស្ករសប្តូរស្លាកពីអក្សរថៃទៅអក្សរវៀតណាម សង្ស័យបន្លំប្រភពទំនិញ និងអំពាវនាវឱ្យពលរដ្ឋចៀសវាងទិញផលិតផលទាំងនេះ ខណៈមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់
ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ណែនាំដល់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅ ឲ្យផ្អាកការនាំចូល លក់ ចែកចាយ និងវេចខ្ចប់ឡើងវិញនូវផលិតផលស្ករសមួយចំនួន ដែលសង្ស័យមានការក្លែងបន្លំប្រភពទំនិញ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចេញផ្សាយនៅថ្ងៃទី ១៥ខែឧសភា ឆ្នាំ ២០២៦ បានឲ្យដឹងថា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញផលិតផលស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ ហើយត្រូវបានយកមកវេចខ្ចប់ឡើងវិញ ដោយប្តូរទៅជាបាវមានស្លាកសញ្ញាអក្សរវៀតណាម ក្នុងគោលបំណងបន្លំប្រភពដើមទំនិញ និងអាចមានការចែកចាយលក់នៅលើទីផ្សារកម្ពុជា។
ផលិតផលដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្ន រួមមានស្ករសបំពាក់ម៉ាកសញ្ញាថៃ “KBS REFINED SUGAR” និង “TRR GROUP REFINED SUGAR” ព្រមទាំងស្ករសច្រកបាវដែលមានស្លាកសញ្ញាអក្សរវៀតណាម ដែលមានភ្ជាប់ក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹង។
អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់អ្នកនាំចូល អ្នកលក់ និងអ្នកចែកចាយទាំងអស់ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬវេចខ្ចប់ឡើងវិញនូវផលិតផលទាំងនេះ «ជាដាច់ខាត» ហើយត្រូវសហការជាមួយសមត្ថកិច្ច ក្នុងការអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភពផលិត និងចែកចាយ ព្រមទាំងការយកសំណាកទៅវិភាគនៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកហានិភ័យដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់។
ជាមួយគ្នានេះ អ្នកប្រើប្រាស់ និងសាធារណជន ក៏ត្រូវបានអំពាវនាវឲ្យចៀសវាងការទិញផលិតផលស្ករសខាងលើ និងរាយការណ៍ទៅអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីប្រទះឃើញការលក់ ឬចែកចាយផលិតផលសង្ស័យមិនប្រក្រតីនៅលើទីផ្សារ។
អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងការអនុវត្តអាជីវកម្មមិនសុចរិត សាធារណជនអាចផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការបន្ត៕