នាយករដ្ឋមន្ត្រីឥណ្ឌា ស្វាគមន៍រដ្ឋមន្ត្រីការបរទេស BRICS ដើម្បីស្វែងរកដំណោះស្រាយវិបត្តិថាមពល និងសន្តិសុខសកល
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) បានធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសនៃប្លុកសេដ្ឋកិច្ចដែលកំពុងរីកចម្រើនប្រ៊ីក (BRICS) រួមមានលោក អាប់បាស់ អារ៉ាជី (Abbas Araghchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងលោក ស៊ើហ្គី ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីមកពីប្រទេសផ្សេងៗទៀត នៅឯទីក្រុងញូវដេល្លី កាលពីថ្ងៃព្រហស្បតិ៍។ ជំនួបនេះ មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយសារតែវាជាការជួបជុំគ្នានៃសមាជិកដែលបានពង្រីកសមាជិករហូតដល់ ១១ ប្រទេស ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិថាមពល និងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយពិភពលោកដែលកំពុងតែមានភាពមិនច្បាស់លាស់ ។
វត្តមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានក្លាយជាចំណុចទាក់ទាញបំផុតនៅក្នុងកិច្ចប្រជុំនេះ ព្រោះពិភពលោកកំពុងបារម្ភពីស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងសន្តិសុខនៃការដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស ( Hormuz) ហើយនេះគឺជាលើកដំបូងដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងអារ៉ាប់រួម បានជួបចរចាគ្នាដោយផ្ទាល់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កាលពីដើមឆ្នាំ ២០២៦ ។
ទោះបីជាប្រធានបទផ្លូវការ ផ្ដោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតក៏ដោយ ប៉ុន្តែខ្លឹមសារនៃកិច្ចពិភាក្សាភាគច្រើន បានងាកទៅរកបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចដែលរងគ្រោះដោយសារតែសង្គ្រាម។ បណ្ដាប្រទេសសមាជិក កំពុងព្យាយាមរួមគ្នាដោះស្រាយការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្លុកទាំងមូល ចំពេលដែលមហាអំណាចផ្សេងទៀតកំពុងមានជម្លោះ ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសខាងលើនេះ គឺជាជំហានដ៏សំខាន់ក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋប្រ៊ីក (BRICS) ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ។ លទ្ធផលនៃជំនួបនៅទីក្រុងញូវដេល្លី នឹងក្លាយជាគ្រឹះក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ប្លុកប្រ៊ីក (BRICS) ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចថ្មីមួយ ដែលអាចមានឥទ្ធិពលលើតុល្យភាពអំណាចពិភពលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screensot from VIORYs video.