នាយករដ្ឋមន្ត្រីចិន ជួបកំពូលមហាសេដ្ឋីបច្ចេកវិទ្យាអាម៉េរិក ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន លើការបើកចំហទីផ្សារចិន
ចិន៖ អំឡុងកិច្ចប្រជុំកំពូលរវាងមហាអំណាចទាំងពីរនៅក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗរបស់អាម៉េរិក។ ជំនួបនេះ មានគោលបំណងពង្រឹងទំនុកចិត្តវិនិយោគិន និងបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលចិន ក្នុងការបើកចំហទីផ្សារឱ្យកាន់តែទូលំទូលាយសម្រាប់ក្រុមហ៊ុនបរទេស ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ។
ជំនួបនេះ ធ្វើឡើងដាច់ដោយឡែកពីកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៊ី ដោយក្នុងចំណោមនោះ រួមមាន លោក អ៊ីឡុន ម៉ាស់ (Elon Musk) មកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, លោក ធីម ឃុក (Tim Cook) នៃក្រុមហ៊ុន Apple និងលោក ជេនសិន ហួង (Jensen Huang) មកពីក្រុមហ៊ុន អ៊ែនវីឌៀ (Nvidia) ជាដើម ។
ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា លោក អេឡុន ម៉ាស់ (Elon Musk) ដែលធ្លាប់មានជម្លោះជាសាធារណៈជាមួយលោក ដូណាល់ ត្រាំ ជុំវិញគោលនយោបាយសេដ្ឋកិច្ច និងការឧបត្ថម្ភធនរថយន្តអគ្គិសនី បានត្រឡប់មកចូលរួមក្នុងក្រុមវិញយ៉ាងស្អិតល្មួត។ ការវិលត្រឡប់មកវិញរបស់លោក ម៉ាស់ ក្នុងបេសកកម្មការទូតនេះ បង្ហាញពីការបង្រួបបង្រួមផ្ទៃក្នុងរវាងវិស័យធុរកិច្ច និងរដ្ឋបាលលោក ត្រាំ ។
វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាចំណុចស្នូលនៃកិច្ចពិភាក្សានេះ ដោយមានការចូលរួមពីប្រធានក្រុមហ៊ុន NVIDIA ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេនៅលើពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក កំពុងមានក្តីសង្ឃឹមខ្ពស់ថា ជំនួបកម្រិតកំពូលនេះ នឹងជួយឱ្យរដ្ឋាភិបាលអាម៉េរិក បន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់ទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំបំផុតមួយ ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីចិន បានប្រើប្រាស់ឱកាសនេះ ដើម្បីបញ្ជាក់ជាថ្មីនូវគោលជំហររបស់ទីក្រុងប៉េកាំង ក្នុងការគាំទ្រអាជីវកម្មពីបរទេស។ សារនេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញក្រុមហ៊ុនយក្សដូចជា Apple និង Tesla ឱ្យបន្តពង្រីកការវិនិយោគ និងរោងចក្រផលិតរបស់ពួកគេនៅក្នុងប្រទេសចិន ចំពេលដែលពិភពលោកកំពុងមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រាំ ដែលត្រូវបានពន្យារពេលដោយសារតែវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ បានក្លាយជាវេទិកាដ៏សំខាន់មិនត្រឹមតែសម្រាប់ផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សេដ្ឋកិច្ចឌីជីថលថែមទៀតផង។ លទ្ធផលនៃជំនួបរវាងអ្នកនយោបាយ និងអ្នកជំនួញកំពូលៗទាំងនេះ នឹងក្លាយជាត្រីវិស័យ សម្រាប់កំណត់ទិសដៅនៃទំនាក់ទំនងពាណិជ្ជកម្មអាម៉េរិក-ចិន នាសម័យបច្ចុប្បន្ន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screensot from VIORYs video.