សមត្ថកិច្ចខេត្តស្វាយរៀង បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ២ទីតាំងក្នុងក្រុងបាវិត ឃាត់ខ្លួនជាង ១០០នាក់
ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ចំនួនពីរទីតាំងស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៤០នាទី បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ វីរៈ ស្នងការនគរបាលខេត្ត, កម្លាំងជំនាញ សហការជាមួយរដ្ឋាបាលក្រុងបាវិត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះមកបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២ទីតាំង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ១១១នាក់(ស្រី១៥នាក់) ក្នុងនោះ ជនជាតិចិនចំនួន ៣៦នាក់ (ស្រី៣នាក់) ជនជាតិវៀតណាមចំនួន ៥០នាក់ (ស្រី១១នាក់) ជនជាតិប៉ាគីស្ថានចំនួន ១៣នាក់ ស្រ្តីជនជាតិថៃម្នាក់ ជនជាតិមីយ៉ាន់ម៉ាម្នាក់ ចិនតៃវ៉ាន់ម្នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងដកហូតវត្ថុតាងបម្រើសកម្មភាពឆបោក រួមមាន ទូរស័ព្ទដៃចម្រុះចំនួន ១១៣គ្រឿង កុំព្យូទ័រលើតុ ១៥២គ្រឿង Monitor ចំនួន ៤គ្រឿង ធុងCPU ៥គ្រឿង និងលេបថបចំនួន ៩គ្រឿង រថយន្ត ៦គ្រឿង និងម៉ូតូ៣គ្រឿង។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចចម្រុះសម្រេចបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីរួចរាលហើយ៕
អត្ថបទ៖ មិន ភក្តី