រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ដោយពន្លឿនអន្តរកាល ពីការប្រើប្រាស់ការកត់ត្រាលើក្រដាស ទៅជាការកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច នៅគ្រប់មូលដ្ឋានសុខាភិបាល
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានផ្តល់អនុសាសន៍ ក្នុងការបន្តជំរុញវឌ្ឍនភាព នៃបរិវត្តកម្មសុខាភិបាលឌីជីថល ដោយពន្លឿនអន្តរកាល ពីការប្រើប្រាស់ការកត់ត្រាលើក្រដាស ទៅជាការកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច នៅគ្រប់មូលដ្ឋានសុខាភិបាល និងពង្រឹងការអនុវត្ត ប្រកបដោយប្រសិទ្ធិភាព និងសង្គតិភាព។
លោករដ្ឋមន្ត្រី ណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 (Health Information Management System - DHIS2)។
លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល គឺមិនមែនត្រឹមតែផ្តោតលើបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះតែមួយមុខទេ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យមានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ដែលនាំទៅដល់ការកែលម្អលទ្ធផលសុខភាពប្រជាពលរដ្ឋ ការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល តាមរយៈនវានុវត្តន៍ស្តង់ដាថ្មីសម្រាប់សមិទ្ធកម្ម និងគណនេយ្យភាពនៃប្រព័ន្ធ។
លោកសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថាទិន្នន័យ គឺជាទ្រព្យរបស់ជាតិដ៏មានតម្លៃ ដែលជំរុញកំណើន និងផលិតភាពសេដ្ឋកិច្ច ព្រមទាំងភាពប្រសើរឡើង នៃសុខុមាលភាពសង្គម នៅពេលដែលទិន្នន័យត្រូវបានប្រើប្រាស់ប្រកបដោយសមភាព និងប្រសិទ្ធិភាព។ ក្នុងវិស័យសុខាភិបាលការប្រើប្រាស់ជាប្រចាំនូវទិន្នន័យ ដែលមានគុណភាព ពេញលេញ និងជឿទុកចិត្តបាន នឹងគាំទ្រដល់ការសម្រេចចិត្តគ្លីនិក ការអង្កេតតាមដាន ឆ្លើយតបជំងឺ អន្តរាគមន៍កម្មវិធីសុខភាពសាធារណៈ ការរៀបចំផែនការ ការអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្ត្រ ការតាមដាន និងការវាយតម្លៃសមិទ្ធកម្មនៃប្រព័ន្ធសុខាភិបាល។
ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍មួយចំនួនក្នុងការបន្តជំរុញវឌ្ឍនភាពនៃបរិវត្តកម្មសុខាភិបាលឌីជីថល៖
១-ពង្រឹងអភិបាលកិច្ចសុខាភិបាលឌីជីថល និងការធ្វើសមាហរណកម្ម នៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចទិន្នន័យ សន្តិសុខសាយប័រ និងអន្តរប្រតិបត្តិការ។
២-ជំរុញការធ្វើសមាហរណកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយសុខាភិបាលឌីជីថល។
៣-ពន្លឿនអន្តរកាលពីការប្រើប្រាស់ការកត់ត្រាលើក្រដាស ទៅជាការកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច នៅគ្រប់មូលដ្ឋានសុខាភិបាល និងពង្រឹងការអនុវត្ត ប្រកបដោយប្រសិទ្ធិភាព និងសង្គតិភាព។
៤-ការបន្តពង្រីងមុខងារប្រព័ន្ធ HMIS-DHIS2 ក្នុងការប្រើប្រាស់ទិន្នន័យភូមិសាស្ត្របច្ចេកវិទ្យា ដំណើរការរៀបចំទិន្នន័យលំហភូមិសាស្រ្ត ក្នុងការកត់ត្រា រក្សាទុក និងចែករំលែកទិន្នន័យ ជាទម្រង់ផ្សេងៗ។
៥-ជំរុញបន្ថែម ការរៀនសូត្រចេញពីប្រព័ន្ធសុខាភិបាល តាមរយៈការលើកកម្ពស់វប្បធម៌នៃការប្រើប្រាស់ជាប្រចាំនូវទិន្នន័យ និងភ័ស្តុតាង ដើម្បីកែលម្អរំហូរការងារ និងលើកកម្ពស់ការសម្រេចចិត្តឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល។
៦-លើកកម្ពស់កិច្ចសហការអន្តរវិស័យ និងពហុវិស័យ ដើម្បីកសាងប្រព័ន្ធសុខាភិបាលឌីជីថល ក្នុងអេកូឡូស៊ីមួយរឹងមាំ និងមាននិរន្តរភាព៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ