សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូ បើកការបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យ សម្រាប់សហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រួមសហការជាមួយក្រុមហ៊ុន FII & Associates នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលខ្លីស្តីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យសម្រាប់ SMEs” ជូនដល់អាជីវករ ពាណិជ្ជករ សិស្សនិស្សិត ប្រមាណ ៦០នាក់ ក្រោមវត្តមាន ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី លោកស្រី ស៊ុន គីមហ៊ីន សហស្ថាបនិក និងជានាយិកាផ្នែកសេវាគណនេយ្យ ក្រុមហ៊ុន FII & Associates។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យ សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានចង់អភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍ និងស្តង់ដារគណនេយ្យ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ណាស់សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការក្រេបយកចំណេះដឹងអំពីដំណើរការរៀបចំ និងការគ្រប់គ្រងប្រព័ន្ធគណនេយ្យ យល់ដឹងអំពីប័ណ្ណគណនេយ្យ និងឯកសារពាក់ព័ន្ធសំខាន់ៗ ដែលអាចពង្រីកបណ្តាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន ដែលអាជីវករទទួលបានការសិក្សា និងអនុវត្តផ្ទាល់ជាមួយវាគ្មិនដែលជំនាញ និងមានបទពិសោធន៍។
តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពីលោកស្រី ស៊ុន គីមហ៊ីន សហស្ថាបនិក និងជានាយិកាផ្នែកសេវាគណនេយ្យ ក្រុមហ៊ុន FII & Associates បានបង្ហាញនូវចំណុចសំខាន់ៗជាច្រើនជូនដល់ម្ចាស់សហគ្រាស សិស្សនិស្សិត ឱ្យកាន់តែយល់ច្បាស់ពី ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យ ដែលមានទាំងដំណើរការមូលដ្ឋាន ការរៀបចំ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
ក្រៅពីនេះ លោកស្រី សេដ្ឋា រតនារាសី ប្រធានផ្នែកលក់ប្រព័ន្ធ Vithean បានបណ្តុះបណ្តាលបន្ថែមទៅលើការយល់ដឹងពីបណ្ណគណនេយ្យ ឯកសារពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាការណែនាំអំពីប្រព័ន្ធគណនេយ្យអនឡាញ ពង្រីកបណ្តាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក៕