ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារ ៦ មករា រួមទាំងសមិទ្ធផលនានានៅមន្ទីគណៈកម្មាធិការគណបក្សខេត្ដព្រៃវែង និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ដព្រៃវែង
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី កម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា អញ្ជើញកាត់ខ្សែរបូ សម្ពោធអគារ ៦ មករា រួមទាំងសមិទ្ធផលនានានៅមន្ទីគណកម្មាធិការគណបក្សខេត្ដព្រៃវែង និងបន្ដសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ដព្រៃវែង
ដែលកម្មវិធីនេះប្រព្រឹត្ដិឡើងនៅអគារ ៦ មករា ដែលស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ដព្រៃវែង ដែលមានសមាសភាពចូលរួមជាង១០០០នាក់។
អគារពហុបំណងនេះ មានតួនាទីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងខេត្ដ មិនមែនបម្រើប្រយោជន៍គណបក្សប៉ុណ្ណោះទេ តែនឹងមានភារកិច្ចចម្បងៗ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការស៊ីវិលឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ដូចជាសេវាសង្គមកិច្ច សាធារណការ និងសុខាភិបាល និងអនុវត្តផែនការអភិវឌ្ឍន៍ដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ខេត្ត។
សូមជម្រាបជូនថា គឺជាជំនួបទី៧ ហើយបន្ទាប់ពីខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប និងស្វាយរៀង ដែលសម្ដេចតេជោ ហ៊ុន សែន បានបន្ដមកចុះជួបសំណេះសំណាល ជាមួយមន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅមូលដ្ឋានផ្ទាល់។
យោងតាមរបាយការណ៍របស់លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែង បានឲ្យដឹងថា ខេត្ដព្រៃវែង មានក្រុងចំនួន១ ឃុំ/សង្កាត់១១៦ និងមានភូមិចំនួន ១១៦៨ ភូមិ ដែលប្រជាពលរដ្ឋប្រកបមុខរបរ ចំបងផ្នែកកសិកម្ម ៥៨,៤០% អ្នកមានមុខរបរចំបងផ្នែកសិប្បកម្ម ០,១០%។
តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងអោយបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។
ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅខេត្ដផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង