មនុស្ស ៦៥នាក់ស្លាប់នៅកុងហ្គោ ក្រោយជំងឺអេបូឡា បានផ្ទុះឡើងជាថ្មីក្នុងទ្រង់ទ្រាយគួរឱ្យបារម្ភ
កុងហ្គោ៖ ជំងឺអេបូឡា (Ebola) បានផ្ទុះឡើងជាថ្មីក្នុងទ្រង់ទ្រាយគួរឱ្យបារម្ភនៅក្នុងខេត្ត Ituri ប្រទេសកុងហ្គោ ដោយបណ្ដាលឱ្យមានអ្នកស្លាប់ដល់ទៅ ៦៥នាក់ និងករណីសង្ស័យសរុបមានចំនួន ២៤៦ ករណីឯណោះ។ ស្ថានភាពនេះកាន់តែស្មុគស្មាញ ដោយសារតែតំបន់ដែលផ្ទុះជំងឺនេះ គឺជាតំបន់ដាច់ស្រយាល មានផ្លូវថ្នល់ពិបាកធ្វើដំណើរ និងកំពុងប្រឈមនឹងវិបត្តិសន្តិសុខពីក្រុមប្រដាប់អាវុធ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការសង្គ្រោះជួបការលំបាកខ្លាំង។
អាជ្ញាធរសុខាភិបាលអាហ្វ្រិក កំពុងតាមដានយ៉ាងដិតដល់នូវហានិភ័យនៃការឆ្លងរាលដាលទៅកាន់ប្រទេសអ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូង។ បញ្ហាប្រឈមចម្បង គឺកង្វះខាតទិន្នន័យនៃអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ និងការកាត់បន្ថយថវិកាជំនួយពីបរទេស ដែលអាចធ្វើឱ្យការចែកចាយវ៉ាក់សាំង និងការទប់ស្កាត់មានភាពយឺតយ៉ាវ បើទោះបីជាបុគ្គលិកសុខាភិបាលក្នុងតំបន់មានបទពិសោធន៍ច្រើនក៏ដោយ ។
នេះគឺជាការផ្ទុះឡើងលើកទី ១៧ នៃជំងឺដ៏កាចសាហាវនេះនៅក្នុងប្រទេសកុងហ្គោ ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់នូវប្រព័ន្ធតាមដានសុខភាពដែលរឹងមាំជាងមុន។ ខណៈវិធានការបន្ទាន់កំពុងដាក់ចេញ ពិភពលោកក៏ទទួលបាននូវការរំឭកឡើងវិញអំពីភាពគ្រោះថ្នាក់នៃវីរុសអេបូឡា ដែលអាចឆ្លងរាលដាលយ៉ាងលឿនតាមរយៈការប៉ះពាល់សារធាតុរាវពីរាងកាយ និងទាមទារឱ្យមានការសហការអន្តរជាតិដើម្បីគ្រប់គ្រងស្ថានការណ៍កុំឱ្យក្លាយជាវិបត្តិជាសកល៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ ABC News | រូបភាព៖ (AP Photo/Al-hadji Kudra
Maliro, File)/ Graphic: Will Jarrett via AP.