ព័ត៌មានអន្តរជាតិ

អាជ្ញាធរចិន ដាក់ចេញវិធានការសង្គ្រោះបន្ទាន់កម្រិតទី ៤ ក្រោយទឹកជំនន់ជន់លិចផ្លូវថ្នល់ក្នុងទីក្រុងធំៗ ជាពិសេសនៅទីក្រុងក្វាងចូវ

image

ចិន៖ ដោយសារតែភ្លៀងធ្លាក់យ៉ាងជោកជាំបានបង្កជាទឹកជំនន់ជន់លិចផ្លូវថ្នល់ក្នុងទីក្រុងធំៗ ជាពិសេសនៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីថ្ងៃសុក្រ។ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង ខណៈដែលកម្រិតទឹកភ្លៀងត្រូវគេរំពឹងថានឹងបន្តកើនឡើង ដែលអាចបង្កជាគ្រោះថ្នាក់កាន់តែខ្លាំង ។

 

រដ្ឋាភិបាលចិន បានប្រកាសដាក់ចេញវិធានការសង្គ្រោះបន្ទាន់កម្រិតទី ៤ សម្រាប់ខេត្តដែលរងគ្រោះធ្ងន់ធ្ងរដូចជា ក្វាងទុង (Guangdong) និងគួយចូវ (Guizhou)។ អាជ្ញាធរពាក់ព័ន្ធក្នុងតំបន់ផ្សេងទៀតក៏កំពុងប្រជុំគ្នាជាបន្ទាន់ ដើម្បីត្រៀមលក្ខណៈ និងដាក់ពង្រាយកម្លាំងការពារនៅតាមចំណុចយុទ្ធសាស្ត្រសំខាន់ៗ សំដៅកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ។

 

នេះគឺជាការធ្លាក់ភ្លៀងទ្រង់ទ្រាយធំលើកដំបូងបង្អស់សម្រាប់ឆ្នាំ ២០២៦ ដែលវាអាចជាសញ្ញាបង្ហាញពីការឈានចូលដល់រដូវវស្សាដ៏គួរឱ្យព្រួយបារម្ភ។ យោងតាមការព្យាករណ៍ ភ្លៀងនឹងមិនទាន់ឈប់ធ្លាក់ភ្លាមៗនោះទេ ពោលគឺវានឹងបន្តអូសបន្លាយរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ដែលតម្រូវឱ្យប្រជាពលរដ្ឋក្នុងតំបន់គ្រោះថ្នាក់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.