ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុងដឹកអ្នកដំណើរលើផ្លូវបំបែកក្នុងទីក្រុងបាងកក

image

ប្រទេសថៃ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ នាម៉ោងប្រហែល ៣:៤០ នាទីរសៀល ថ្ងៃទី ១៦ ខែឧសភានេះ ក្រោយពេលរថភ្លើងមួយគ្រឿងបានបុកគ្នាជាមួយឡានក្រុងដឹកអ្នកដំណើរយ៉ាងពេញទំហឹងនៅលើផ្លូវបំបែកកាត់ផ្លូវរថភ្លើង ជិតស្ថានីយ Makkasan Airport Rail Link។ ហេតុការណ៍នេះ បានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់ឡាន និងម៉ូតូជាច្រើនគ្រឿងផ្សេងទៀតដែលនៅក្បែរនោះ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់ និងជាង ១០ នាក់ផ្សេងទៀតទទួលរងរបួស ។

 

យោងតាមវីដេអូពីកាមេរ៉ាឡានរបស់សាក្សីនៅឯទីកន្លែងកើតហេតុ បានបង្ហាញថា ឡានក្រុងបានជាប់គាំងនៅលើផ្លូវបំបែកចំពេលដែលរថភ្លើងបើកមកដល់ លុះពេលបុកគ្នាភ្លាមក៏ផ្ទុះឆេះយ៉ាងខ្លាំងក្លា និងហុយផ្សែងខ្មៅខ្មួលខ្មាញ់ពាសពេញអាកាស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ថែមទាំងបានរាយការណ៍ថា ឡានក្រុងត្រូវដាច់ចេញជាពីរកំណាត់ឯណោះ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះ និងបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ ។

 

អាជ្ញាធរថៃ កំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុពិតប្រាកដថាតើគ្រោះថ្នាក់នេះបណ្ដាលមកពីប្រព័ន្ធសញ្ញាព្រមានមិនដំណើរការ ឬក៏ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន។ គួររំឭកដែរថា ទីតាំងផ្លូវបំបែករថភ្លើងមួយនេះ ធ្លាប់មានប្រវត្តិកើតគ្រោះថ្នាក់ញឹកញាប់មកហើយ ដោយសារតែអ្នកបើកបរភាគច្រើនតែងតែប្រថុយប្រថានបើកជែងឆ្លងកាត់ ដោយមិនខ្វល់ពីសញ្ញាព្រមានរថភ្លើង ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Thaiger | វីដេអូ៖ RT| រូបភាព៖ (Facebook/ ThaiRath)/ (The Standard and / Thai Press)