ព័ត៌មានជាតិ

អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី្ត ក្រីក្រជាអំណោយពោរពេញដោយទឹកចិត្តមនុស្សធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែវិច្ឆិកា

image

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារនៃសាងសង់អគារអន្តេវាសិកដ្ឋាន ដែលជាអំណោយដ៏ថ្លៃថ្លា និងពោរពេញដោយទឹកចិត្តមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងលើកកម្ពស់ការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ដល់និស្សិតស្រ្តីដែលមានស្ថានភាពលំបាក ជីវភាពក្រីក្រមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដែលជាចំណែកមួយនៃអភិវឌ្ឍធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិនារី។
គម្រោងនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពនារីកម្ពុជា ដើម្បីរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានចុះត្រួតពិនិត្យដោយផ្ទាល់ នូវគំរូបន្ទប់ស្នាក់នៅ បន្ទប់និស្សិតដែលមានពិការភាព កន្លែងលេងកីឡា ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ការតភ្ជាប់ប្រព័ន្ធអ៉ីនធឺណែតផងដែរ។
អន្តេវាសិកដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តី ក្នុងការកសាងប្រទេសជាតិ។ អន្តេវាសិកដ្ឋាននេះ មានទីតាំងនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
សូមជម្រាបថា ការចាប់ផ្តើមដំណើរការសាងសង់នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អនុប្រធានទី១ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សម្ដេចតេជោបានសម្រេចផ្តល់ដីកសាងអន្តេវាសិកដ្ឋាន លើផ្ទៃដី២ហិកតា ដែលមានតម្លៃជាង១០លានដុល្លារ សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តមក បន្តការសិក្សានៅរាជធានីភ្នំពេញ។
បើតាមគម្រោង អគារអន្តេវាសិកដ្ឋាន១ខ្នងនេះ មានកម្ពស់៤ជាន់ ស្មើនឹង១២៦បន្ទប់ អាចឱ្យនិស្សិតស្នាក់ នៅបាន៥០៤នាក់ ដោយក្នុង១បន្ទប់ៗ ស្នាក់នៅបានចំនួន៤នាក់ មានបន្ទប់ទឹក និងចង្ក្រានបាយផងដែរ។ នៅជាន់ទី១ ទី២ និងទី៣ មានបន្ទប់ស្នាក់នៅចំនួន១២៦បន្ទប់ រាងអក្សរ U។ ក្នុងនោះ ក៏មានបំពាក់ឧបករណ៍ទឹកស្អាត២ឈុត សាងសង់ក្លោងទ្វារធំចំនួន១ ដងទង់ជាតិ១ របង និងផ្លូវបេតុង ព្រមទាំងមានតារាងបាល់បោះ១ និងបាល់ទះ១ផងដែរ។ ក្នុងអគារនេះ ក៏មានការកសាងប៉ុស្តិ៍សុខភាព នៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យ ប្រចាំការផងដែរ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី