សង្វែកណាស់! ករណីលិចទូកស្មាច់ នៅសមុទ្រកែប ម្សិលមិញនេះ ម្តាយ និងកូនប្រុស ២នាក់ ស្លាប់ទាំងអស់
កែប៖ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសព ម្តាយ និងកូនប្រុស២នាក់ បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកស្មាច់ ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ សពជនរងគ្រោះត្រូវកម្លាំងទឹករលកបក់មកជាប់ជាមួយព្រៃកោងកាង និងតាមវាលខ្សាច់ នៅចម្ងាយប្រមាណ ១គ.ម ពីទីតាំងកើតហេតុ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ ក្នុងចំណោម ៤នាក់ មានឪពុកម្តាយ និងកូន ២នាក់ បានចេញទូកទៅរកងាវនៅទីតាំងខាងលើ អំឡុងពេលបើកទូកចេញ ក៏ជួបខ្យល់ខ្លាំងបង្កជារលកធំៗ ធ្វើឱ្យលិចទូកតែម្តង។
តាមរបាយការណ៍សមត្ថកិច្ច ករណីនេះកើតឡើងនៅម៉ោងប្រមាណជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងទូកមានមនុស្សចំនួន ៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ ៣៨ឆ្នាំ និងកូនប្រុស ២នាក់ អាយុ១០ឆ្នាំ និង ៨ឆ្នាំ បានបាត់ខ្លួនក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
យ៉ាងណា អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល៕
អត្ថបទ៖ ង៉ុង សាន់