ក្រសួងការពារជាតិរុស្ស៊ីប្រកាសពីជោគជ័យថ្មី ក្នុងការកម្ទេចទីតាំងប្រមូលផ្ដុំទ័ពអ៊ុយក្រែនយ៉ាងចាស់ដៃ
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសពីជោគជ័យថ្មីមួយនៅលើសមរភូមិភាគខាងកើត ដោយអះអាងថា ប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតចល័តដ៏មានឥទ្ធិពលប្រភេទ ហ្គ្រេដ៍ (Grad) បានបើកការវាយប្រហារបុកកម្ទេចជម្រកទ័ពការពារ និងទីតាំងប្រមូលផ្ដុំកម្លាំងដ៏ធំរបស់កងទ័ពអ៊ុយក្រែន នៅក្នុងទិសដៅយុទ្ធសាស្ត្រ ឌ្នីប្រូផេត្រូវ (Dnepropetrovsk) ។
យោងតាមព័ត៌មានពីខ្សែត្រៀមជួរមុខ យុទ្ធនាការបាញ់រ៉ុក្កែតកម្ទេចទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមទាហានរុស្ស៊ី ទទួលបានទិន្នន័យទីតាំងច្បាស់លាស់ពីប្រព័ន្ធស៊ើបការណ៍។ សកម្មភាពបាញ់ផ្លោងគ្របដណ្ដប់យ៉ាងចាស់ដៃនេះ ធ្វើឡើងដើម្បីបើកផ្លូវ និងគាំទ្រដល់កងទ័ពថ្មើរជើងរុស្ស៊ី ក្នុងការវាយលុកចូលកាន់កាប់នៅតាមខ្សែបន្ទាត់ជួរមុខរបស់សត្រូវ ។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានយោធាចេញពីទីក្រុងម៉ូស្គូមួយនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ទាំងស្រុងនៅឡើយ ដោយសារតែទាំងកាលបរិច្ឆេទ និងទីតាំងនៅក្នុងវីដេអូផ្សព្វផ្សាយ នៅមិនទាន់មានស្ថាប័នឯករាជ្យណាមួយអាចពិនិត្យផ្ទៀងផ្ទាត់បាន ខណៈភាគីអ៊ុយក្រែន ក៏បន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់មានការឆ្លើយតបណាមួយឡើយ ។
វិបត្តិជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំងពីរនេះ បានផ្ទុះឡើងតាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ដោយសារតែរុស្ស៊ីចង់រារាំងអ៊ុយក្រែនមិនឱ្យចូលរួមជាមួយប្លុកណាតូ។ សង្គ្រាមនេះ ក៏បានរុញច្រានឱ្យអ៊ុយក្រែនត្រូវរស់នៅក្រោមច្បាប់អាជ្ញាសឹក និងការកៀរគរកងទ័ពការពារជាតិយ៉ាងលំបាក ខណៈរុស្ស៊ីក៏កំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងពីទណ្ឌកម្មអន្តរជាតិជុំទិសដៅផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.